(ស្ទឹងត្រែង)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានចុះមកចែកអំណោយសម្ភារសិក្សា និងថ្នាំពេទ្យដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយឥតគិតថ្លៃ។

ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះបានធ្វើឡើងនៅវត្តបញ្ញាវរារាម ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយមានការសហការជាមួយ អាជ្ញាធរខេត្ត កងកម្លាំងទាំង៣ ដឹកនាំដោយលោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ មន្ទីរជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរឃុំ-ស្រុក-ខេត្ត ដែលពាក់ព័ន្ធមួយចំនួនទៀត។

លោក ប៉ែន លីណាត ក្នុងនាមអាជ្ញាធរខេត្តបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានចុះមកចែកអំណោយសម្ភារៈសិក្សានិងថ្នាំពេទ្យ ព្រមទាំងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពើរដ្ឋស្រុកសៀមបូកនាឱកាសនេះ។

លោកអភិបាលរងខេត្តស្ទឹងត្រែង បានចាត់ទុកថាការចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកសៀមបូក របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ពេលនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់លោក ហ៊ុន ម៉ានី ដែលបានគិតគូសុកមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសៀមបូកផងដែរ។

លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាប្រធានមន្ទីរពេទ្យខេត្តស្ទឹងត្រែង បានលើកឡើងថាសម្រាប់ខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យបានចុះធ្វើការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបាមបានចំនួន ២៥១លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន ៤១៣,៧១៧នាក់ ក្នុងនោះស្ត្រីមានចំនួន ២០៨,៥៤០នាក់ដង។

លោកថាការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្តល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារនិងសង្គមជាតិ។

លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានឱ្យដឹងថា ការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទូទាំង២៥ រាជធានី-ខេត្ត បានចំនួន ១៩០២លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,១៦,៥៤២៨នាក់ ក្នុងនោះស្ត្រីមានចំនួន ៦,៧៣៦,៦៩២៣នាក់ ដោយគិតត្រឹម ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ គឺច្រើនជាង ៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧នាក់ ធៀបនឹងឆ្នាំ២០២៤។

លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននឹងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការរជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋទូទាំង២៥ រាជធានី-ខេត្ត៕