(សៀមរាប)៖ ក្រោយតស៊ូឆ្លងកាត់ការលំបាក និងការខិតខំរៀននិងបម្រើការជាចុងភៅរយៈពេល១៣ឆ្នាំនោះមក លោក សេង សុផុស ក៏បានបង្កើតអាហារដ្ឋានលក្ខណៈគ្រួសារមួយ ដើម្បីផ្ដល់សេវាកម្មម្ហូបអាហារដល់ភ្ញៀវទេសចរ ក៏ដូចជាបើកបង្រៀនជំនាញចម្អិនម្ហូបអាហារបែបខ្មែរ និងម្ហូបអឺរ៉ុបជូនភ្ញៀវទេសចរបរទេស ពិសេសគឺបានក្លាយជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្តនៅតំបន់ខាងត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប។

អាហារដ្ឋានរបស់លោក សេង សុផុស មានឈ្មោះថា Sophos Cooking Class ដែលមានទីតាំងនៅក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ចម្ងាយត្រឹមតែ៦គីឡូម៉ែត្រពីក្រុងសៀមរាប ខណៈនៅជុំវិញនោះមានគោលដៅទេសចរណ៍មួយចំនួន ដូចជា សហគមន៍អេកូទេសចរណ៍បឹងពារាំង កន្លែងមើលសត្វស្លាប តំបន់ភ្នំក្រោមជាដើម។

ការបង្កើតអាហារដ្ឋាននេះ ដោយសារលោក សេង សុផុស មានជំនាញវិជ្ជាជីវៈចម្អិនម្ហូប ដោយបានពីការសិក្សារៀនសូត្រ មានបទពិសោធន៍ធ្វើការនៅតាមសណ្ឋាគារមួយចំនួន ពិសេសក៏មានបទពិសោធន៍ជាគ្រូបង្រៀនជំនាញចុងភៅនៅសាលាបាយផងដែរ ពោលគឺមុនឈានដល់សមិទ្ធផលដូចសព្វថ្ងៃនេះ លោកតស៊ូរៀនសូត្រនិងធ្វើការអស់រយៈពេល១៣ឆ្នាំដែរ។

លោកបានបន្តថា អាហារដ្ឋាន Sophos Cooking Class បើកដំណើរការតាំងពីឆ្នាំ២០១៨ (បាន៦ឆ្នាំមកហើយ) ដែលផ្ដល់សេវាកម្មម្ហូបអាហារត្រឹមលក្ខណៈគ្រួសារ និងបើកបង្រៀនជំនាញធ្វើម្ហូបផងដែរ ភាគច្រើនភ្ញៀវបរទេសចូលចិត្តចម្អិនម្ហូបខ្មែរ។ ចំពោះការបម្រើសេវាកម្មម្ហូបអាហារនេះដែរ គឺតម្រូវឱ្យភ្ញៀវកក់ជាមុនទើបរៀបចំទាន់ពេល ខណៈនៅក្នុងអាហារដ្ឋាននេះគឺមានតែលោក សុផុស និងភរិយា ឬមានកូនៗជួយម្ដងម្កាលប៉ុណ្ណោះ មិនមានបុគ្គលិកនោះឡើយ។

នៅគេហដ្ឋានរបស់លោក សេង សុផុស ក៏មានបន្ទប់ស្នាក់នៅ២បន្ទប់ដែរ ប៉ុន្តែអនុញ្ញាតបានតែភ្ញៀវទេសចរជាតិ ឬពលរដ្ឋខ្មែរប៉ុណ្ណោះ មិនទាន់បើកឱ្យភ្ញៀវអន្តរជាតិស្នាក់នៅបាននោះទេ តែយ៉ាងណាលោកនឹងរៀបចំបន្ថែមទៀតដើម្បីទទួលការស្នាក់នៅសម្រាប់ភ្ញៀវបរទេស។

លោក សេង សុផុស បានលើកឡើងអំពីសក្ដានុពលទេសចរណ៍នៅក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាបនេះ គឺមានភាពសម្បូរបែបសម្រាប់ដំណើរកម្សាន្តទេសចរណ៍ ព្រោះមានសហគមន៍បឹងពារាំងដែលជាទីទស្សនាសត្វស្លាប មានភ្នំក្រោមដែលជាទីទស្សនាប្រាសាទបុរាណ និងគយគន់សូរិយារៀបអស្ដង្គត ឬក៏អាចភ្ជាប់ជាមួយសហគមន៍ចុងឃ្នាស ព្រមទាំងទស្សនាជីវភាពប្រជាពលរដ្ឋប្រចាំថ្ងៃ។ និយាយរួម គឺមានទាំងទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ជាដើម៕

សូមទស្សនាវីដេអូសម្ភាសរវាង Fresh News ជាមួយលោក សេង សុផុស៖