(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃ កម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ» រយៈពេលមួយថ្ងៃ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា «សិក្ខាសាលាពិគ្រោះយោបល់ ពិតជាមានសារសំខាន់ក្នុងការចូលរួមលើកម្ពស់ បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចលករជំរុញ កំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គម។ មិនតែប៉ុណ្ណោះសិក្ខាសាលាពិគ្រោះយោបល់នេះ គឺជាកាលានុវត្តភាពមួយ ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធរួមមាន និយ័តករ តំណាងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍក៏ដូចជាអង្គការសង្គមស៊ីវិល បានចូលរួមផ្តល់ធាតុចូលសំខាន់ៗតាមរយៈវេទិកាជជែកពិភាក្សា និងបទបង្ហាញនានាអំពីវឌ្ឍនភាព បញ្ហាប្រឈម ឱកាស ព្រមទាំងគំនិតផ្តួចផ្តើមនានា សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំ និងការអនុវត្តកម្មវិធីពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។

លោក Makoto Kurokawa សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា បានថ្លែងថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានសារសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ គាំទ្រភាពជាសហគ្រិន ការធានាចូលនិវត្តន៍ប្រកបដោយសុវត្ថិភាព និងការការពារអ្នកប្រើប្រាស់។

លោក Kurokawa បន្ថែមថា «ដើម្បីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុ និងការកសាងសមត្ថភាព ដល់មនុស្សគ្រប់រូបប្រកប ដោយប្រសិទ្ធភាព ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ រដ្ឋាភិបាល ដៃគូអភិវឌ្ឍ អាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ទាំងមូល។ យើងត្រូវការកិច្ចសហប្រតិបត្តិការ បទពិសោធ និងជំនាញរបស់ភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដែលនឹងបំពេញចន្លោះប្រហោង និងផ្តោតលើក្រុមអ្នកងាយរងគ្រោះ ឱ្យទទួលបានការអប់រំបានកាន់តែច្រើន។

លោក Jo Scheuer អ្នកសម្របសម្រួល នៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់នេះ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់កម្ពុជា ទាំង១៧គោលដៅ។ លោក ជឿជាក់ថាការរួបរួមគ្នានេះ នឹងចូលរួមធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពសេដ្ឋកិច្ច និងឆ្ពោះទៅសម្រេចបាននូវ SDG របស់កម្ពុជាដែលបានកំណត់។

លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំសិក្ខាសាលា និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដែលនឹងត្រួសត្រាយផ្លូវ សម្រាប់កិច្ចសហការប្រកបដោយជោគជ័យ ក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

លោក ហេង បូមករា បញ្ជាក់ថា «វាចាំបាច់ណាស់ក្នុងការកសាងសមិទ្ធផលទាំងនេះ ដោះស្រាយរាល់បញ្ហាប្រឈម និងបន្តការខិតខំដើម្បីឧត្តមភាព។ ការប្រាស្រ័យទាក់ទងច្បាស់លាស់ ការធ្វើផែនការយុទ្ធសាស្រ្ត និងការសម្របខ្លួននឹងមានសារសំខាន់ក្នុងការត្រួសត្រាយផ្លូវខាងមុខ។ ក្នុងន័យនេះ ការបន្តសហការគ្នារវាងភាគីពាក់ព័ន្ធទាំងអស់គឺចាំបាច់ណាស់។ ខ្ញុំសូមលើកទឹកចិត្តដល់ ABC, CMA, ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា»

នាពេលកន្លងមក សមាគមទាំងពីរ បានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើន ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក្នុងចំណោមសមាជិក អតិថិជន និង សាធារណជនឱ្យកាន់តែទូលំទូលាយ ក្នុងនោះរួមមាន៖ ការជំរុញ និងលើកទឹកចិត្តសមាជិករបស់សមាគម ឱ្យរៀបចំមាតិកាចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមអនុវត្តយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុប្រចាំសប្តាហ៍របស់សមាគម។ ការសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣ ជាមួយក្រសួងអប់រំ យុវជននិងកីឡា។

សិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ត្រូវបានធ្វើទ្បើងជាប្រចាំ នៅតាមបណ្តាខេត្ត ស្រុក ក្រុង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុ ចំណេះហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនជូនដល់ប្រជាពលរដ្ឋ និងអាចអាជ្ញាធរនៅមូលដ្ឋាន។

មិនត្រឹមតែប៉ុណ្ណោះសមាគមទាំងពីរបានចូលរួម ជាមួយធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី រៀបចំនូវគម្រោងគម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ (Safe Finance in Community) ដែលគម្រោងនេះមានគោលបំណងលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលក្នុងសហគម ក្នុងគោលដៅជំរុញឱ្យសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ក្លាយជាសូចនាករមួយនៃភូមិឃុំមានសុវត្ថិភាព។ សមាគមទាំងពីរក៏កំពុងរៀបចំផងដែរ នូវការបំពាក់ចំណេះដឹងហិរញ្ញវត្ថុ ជូនអតិថិជនតាមរយៈភ្នាក់ងារឥណទាន ដែលជាបុគ្គលិករបស់សមាជិករបស់សមាគម។

សូមបញ្ជាក់ជូនថា ក្រោយកិច្ចពិគ្រោះយោបល់ពេញមួយថ្ងៃ អង្គសិក្ខាសាលា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាន និងមានសុទិដ្ឋិនិយមក្នុងការរួមគ្នាដាក់ចេញ និងធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា និងបានពិភាក្សាអំពីលទ្ធផល និងទិសដៅពង្រីក និងពង្រឹងកម្មវិធីអប់រំចំណេះដឹងលើគម្រោងអប់រំហិរញ្ញវត្ថុប្រមាណ ២០គម្រោង ដែលបានកំពុងអនុវត្ត ក្នុងចំណោមជាង ១០ស្ថាប័ន មកពី សង្គមស៊ីវិល សមាគម និងដៃគូអភិវឌ្ឍន៍៕