(សៀមរាប)៖ កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤ ថ្មីៗនេះ ក្រុមហ៊ុន Agent 21 Global សហការជាមួយ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានរៀបចំ សិក្ខាសាលាស្តីពី ការវិនិយោគលំនៅឋានតំលៃសមរម្យ សម្រាប់គ្រួសារមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប ក្រោមអធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងមានការចូលរួមពី ឯកឧត្តម លី សារី អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណអភិបាលខេត្តសៀមរាប។

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃនាយកដ្ឋានលំនៅឋាន បានថ្លែងក្នុងសិក្ខាសាលាផងដែរថា «ការសាងសង់លំនៅឋានតំលៃសមរម្យដែលបានគិតគូដល់ប្រជាជនដែលមានចំណូលទាបនិងមធ្យម ជាពិសេសលំនៅឋាននេះលំអរដោយធម្មជាតិបៃតង ព្រមទាំងមានរបៀបរៀបរយនិងនិរន្តភាព ប្រែក្លាយជាតំបន់ទេសចរណ៏រឺជាទីប្រជុំជនដែលអាចប្រកបអាជីវកម្មបាននិងបង្កើតការងារសំរាប់ប្រជាជនដែលមានចំណូលទាបនិងមធ្យម ដែលអាចជួយដល់ជីវភាពរស់នៅអោយបានល្អប្រសើ ប្រកបដោយសុភមង្គល និងសេចក្ដីថ្លៃថ្នូរ ហើយក៏ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់មន្ទីដែនដី ទូទាំងប្រទេស អង្គភាពពាក់ពន្ធ័ អ្នកវិនិយោគជាតិនិងអន្តរជាតិ រួមជាមួយនិងស្ថាប័នធនាគារផងដែរ»

ជាកិច្ចបញ្ចប់នៃអង្គសិក្ខាសាលា លោក សុខ សំអុន ប្រធាននាយកដ្ឋានបច្ចេកទេស និង អភិវឌ្ឍលំឋាន បានបូកសរុបសិក្ខាសាលាប្រកបដោយស្មារតីយកចិត្តទុកដាក់និងណែនាំដល់សំណាក់អ្នកវិនិយោគសំដៅធ្វើយ៉ាងណាចូលរួមអោយបានច្រើនដើម្បីអភិវឌ្ឍលំនៅឋានតំលៃសមរម្យប្រកបដោយនិរន្តរភាព និងមានស្តង់ដារនិងគុណភាពសំណង់រួមជាមួយនិងការគិតគូពីលំហបៃតងដែលអាចរស់នៅជាលក្ខណ:សហគមន៏អោយបានល្អប្រសើរសំរាប់ការរស់នៅ។

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនAgent 21 Global និងសហការជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ដើម្បីរៀបចំសិក្ខាសាលាការសាងសង់លំនៅឋានតំលៃសមរម្យសំរាប់មន្រ្តីរាជការ នៅទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអោយមន្រ្តីរាជការដែលមានប្រាក់បៀវត្យកំរិតទាបនិងមធ្យមអាចទទួលបានលំនៅឋានសមរម្យផងដែរ៕