(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ខណៈតាមការព្យាករណ៍ បានឱ្យដឹងថា ជំងឺគ្រុនឈាមនឹងផ្ទុះឡើងនៅក្នុងឆ្នាំ២០២៤ រហូតជាង៤ម៉ឺននាក់ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានជាង៣ម៉ឺននាក់ប៉ុណ្ណោះ។

ការអំពាវនាវបែបនេះរបស់លោក គួង ឡូ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរ ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាព អង្គការដៃគូអភិវឌ្ឍន៍ មេឃុំ ចៅសង្កាត់ មន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពជាច្រើនរូប។

លោកបានលើកឡើងថា៖ «វត្តមាននៃការចូលរួមពីដៃគូរអភិវឌ្ឍន៍ ទាំងមន្ទីរពាក់ព័ន្ធ មន្ត្រីសុខាភិបាល ត្រូវតែរួមគ្នា បើយើងទប់ស្កាត់មិនទាន់ពេលវេលានោះទេ នោះហានិភ័យនៃជំងឺគ្រុនឈាម នឹងអាចកើតមាននៅក្នុង ខេត្តព្រះវិហាររបស់យើង»

លោកថា «ការរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម សំខាន់គឺត្រូវចូលរួមការពារ ហើយបើមានករណីសង្ស័យកើតជំងឺគ្រុនឈាម ត្រូវធ្វើការបញ្ជូនមកកាន់មន្ទីរពេទ្យជាបន្ទាន់ តាមការសិក្សាបានបង្ហាញថា បញ្ជូនមកកាន់មន្ទីរពេទ្យ កាន់តែលឿន អត្រាស្លាប់កាន់តែទាបក្រោម២៤ម៉ោង លើស២៤ម៉ោង អត្រាស្លាប់កាន់តែខ្ពស់ និយាយរួមកាន់តែយូរអត្រាស្លាប់កាន់តែច្រើន»

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យមើលទាក់ទងនឹងកន្លែងប្រកបអាជីវកម្មប្តូរកង់រថយន្ត ប្តូរកង់ម៉ូតូដែលមានសំបកកង់រថយន្ត សំបកកង់ម៉ូតួចាស់ៗច្រើនគរចោល។ សំបកកង់រថយន្ត កង់ម៉ូតូចាស់ៗ ដែលគរចោលស្មើនឹងអូតែផ្កាយ៥ របស់មុសខ្លា នៅពេលដែលមានទឹកដក់ក្នុងហ្នឹង ប៉ុន្តែបើយើងអាចលប់បំបាត់ជម្រកមុសខ្លានេះបាន គឺយើងអាចកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយជំងឺគ្រុនឈាម នៅក្នុងខេត្តយើងបាន៕