(ព្រះវិហារ)៖ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ បានណែនាំអាជ្ញាធរក្រុងស្រុកទាំង៨ ទូទាំងខេត្តព្រះវិហារ ត្រូវក្តាប់ឱ្យបានច្បាស់អំពីទិន្នន័យប្រជាការពារ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវជំរុញដល់អធិការនគរបាល ក្រុង ស្រុក និងបុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំសង្កាត់ ត្រូវចុះផ្សព្វផ្សាយអំពីចលនាប្រជាការពារ តាមរយៈសេចក្ដីណែនាំលេខ០៣៧ ស្តីពីតួនាទីភារកិច្ចរបស់ប្រជាការពារ ដើម្បីឱ្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធិភាព។

ការណែនាំបែបនេះរបស់លោក វ៉ាត ប៉ារ៉ានីន បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចូលរួមបើកវគ្គបណ្តុះបណ្តាល សៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាអភិបាល អភិបាលរង  និងមន្ត្រី បង្គោល ក្រុង ស្រុក ទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ជាច្រើនរូប។

នាឱកាសនោះ លោក វ៉ាត ប៉ារ៉ានីន បានថ្លែងថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវបានរៀបចំ និងវិវត្តខ្លួន ពីមួយជំហានទៅមួយជំហាន តាមរយៈការធ្វើវេទិកាសាធារណៈ ក៏ដូចជាការផ្សព្វផ្សាយ គោលការណ៍ច្បាប់ ទៅដល់ប្រជាពលរដ្ឋ មន្ទីរអង្គភាព អាជ្ញាធរ ដែលមានការពាក់ព័ន្ធ ជាបន្តបន្ទាប់យ៉ាងសកម្ម។

លោកថាជាក់ស្តែងថ្ងៃនេះរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្តាល «សៀវភៅណែនាំ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»នេះឡើងដើម្បីឱ្យអាជ្ញាធរ ក្រុង ស្រុក ទាំង៨ ព្រមទាំងលោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានកសាងបន្ថែមទៀតនូវសមត្ថភាពនិងជំនាញរបស់ខ្លួនក៏ដូចជាបានយល់កាន់តែច្បាស់ នូវលក្ខណៈសម្បត្តិទាំង៧ ស្តីពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងចេះរៀបចំ និងអនុវត្តផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំ។

លោក វ៉ាត ប៉ារ៉ានីន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះដើម្បីជំរុញបន្ថែមទៀតនូវការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព និងទទួលបានជំនឿទុកចិត្ត និងកាត់បន្ថយបាននូវបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ កសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច នៅមូលដ្ឋាន និងឈានទៅការបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះផងដែរ លោក វ៉ាត ប៉ារ៉ានីន ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ក្រុង ស្រុក ទាំង៨ ត្រូវក្តាប់ឱ្យបានច្បាស់អំពីទិន្នន័យប្រជាការពារនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវជំរុញដល់លោកអធិការនគរបាល ក្រុង ស្រុក និងបុស្តិ៍នគរបាលរដ្ឋបាល ចុះផ្សព្វផ្សាយអំពីចលនាប្រជាការពារ តាមរយៈសេចក្ដីណែនាំលេខ០៣៧ ស្តីពីតួនាទីភារកិច្ចរបស់ប្រជាការពារ ដើម្បីឱ្យការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ កាន់តែមានប្រសិទ្ធិភាព។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក វ៉ាត ប៉ារ៉ានីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក លោកស្រី នាពេលកន្លងមកស្តីពី ការងារការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ៕