(ចិន, ហៃណាន)៖ លោក ឈិន ចុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជា អនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC) បានស្នើសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជួយសម្របសម្រួលទៅរដ្ឋាភិបាលចិន ទម្លាក់ថវិកា ដើម្បីសាងសង់កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរិញ និងផ្លូវ៥០សេ កំពង់ធំ-កំពង់ឆ្នាំង ដែលក្រុមហ៊ុន បានសិក្សារួចរាល់ហើយនោះ។

សំណើរបស់លោក ឈិន ចុង បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។

ក្រុមហ៊ុន CCCC ជាក្រុមហ៊ុនសាងសង់ផ្លូវ និងស្ពានដ៏ធំមួយរបស់ចិន។ ក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុន​ជាបុត្រសម្ព័ន្ធរបស់ខ្លួន ដែលបានវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត ក៏ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សៀមរាប​-ប៉ោយប៉ែតផងដែរ។

ក្នុងជំនួបនេះ លោក ឈិន ចុង បានជម្រាបសម្តេចតេជោពីវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សៀមរាប​-ប៉ោយប៉ែតផងដែរ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជាផងដែរ។

លោក ឈិន ចុង បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា លោកបានយល់ពីសារសំខាន់គម្រោង​ប្រវត្តិ​សាស្រ្តមួយនេះ ហើយលោកនឹងប្រឹងប្រែងឱ្យគម្រោងព្រែកជីកហ្វូណន-តេជោ បានចេញជា​រូប​រាងតាម​អនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

លោកអនុប្រធានក្រុមហ៊ុនសាងសង់ផ្លូវ និងស្ពានដ៏ធំរបស់ចិននេះ ក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធគម្រោងផ្លូវ ៥០សេ តភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង និងគម្រោងកំណាត់ផ្លូវជាតិលេខ៣ ពីកំពត ទៅវាលរិញប្រមាណជា២០គីឡូម៉ែត្រ ដែលខូចធ្វើមិនចេះជាប់ទេ ដោយក្រុមហ៊ុនរបស់លោកបានសិក្សា​ចប់សព្វគ្រប់រួចហើយ។

ដើម្បីឈានទៅសាងសង់គម្រោងទាំងពីរនេះ លោក ឈិន ចុង បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយជំរុញរដ្ឋាភិបាលចិន ទម្លាក់ថវិកាដើម្បីក្រុមហ៊ុនចាប់ផ្តើមដំណើរការសាងសង់គម្រោងទាំងពីរនេះ៕