(ភ្នំពេញ)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានថ្លែងថា ការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី៣០-៣១ ខែមីនាខាងមុខនេះ ក្រសួងស្ថាប័នពាក់ព័ន្ធបានរៀបចំរួចជាស្រេច ដើម្បីឱ្យដំណើរការប្រឡងក្របដោយតម្លាភាព យុត្ដិធម៌ និងបរិយាបន្ន គឺអ្នកចេះជាប់, អ្នកជាប់ ជាប់ដោយកិត្ដិយស ចំណែកអ្នកធ្លាក់ គឺធ្លាក់ដោយអស់ចិត្ដ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក ដល់បណ្ដាញអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៃកិច្ចប្រជុំស្ដីពីការណែនាំតួនាទីភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការនានា សម្រាប់ការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀន ថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ នាវិទ្យាស្ថានជាតិអប់រំ។

លោក សុក ផេង បានថ្លែងបន្ដថា ថ្ងៃនេះគឺជាការជួបប្រជុំគ្នាជាមួយគណៈកម្មការប្រឡង និងមេប្រយោគ ឱ្យយល់ពីតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ដើម្បីអនុវត្ដនូវបទបញ្ជារបស់គណៈកម្មការនៃប្រឡងឱ្យបានល្អទាំងអស់គ្នា និងត្រូវតែគោរព និងអនុវត្ដនូវបទបញ្ជាផ្ទៃក្នុងនៃដំណើរការប្រឡង។

ជាពិសេសក្នុងឱកាសនេះ លោកបានលើកឡើងថា «សូមផ្ដាំផ្ញើដល់សិស្សានុសិស្ស ក៏ដូចជាមាតាបិតាសិស្ស ណែនាំដល់បុត្រធីតារបស់ខ្លួន ធ្វើយ៉ាងណាកុំប្រព្រឹត្ដអ្វីដែលជាអំពើខុសច្បាប់នានា ដូចជាកន្លងទៅ ដូចជាការប្រឡងជំនួស ការបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាដើម -ល- ។សូមបញ្ចប់បញ្ហាទាំងនេះ ចាប់ពីពេលនេះតទៅ គណៈកម្មការនឹងមិនអនុញ្ញាតឱ្យមានករណីនៃការបន្លំណាមួយកើតឡើង នៅក្នុងដំណើរគ្រប់នៃនីតិវិធីនៃការប្រឡងនោះឡើយ ប្រសិនជារកឃើញ គឺគណៈកម្មការ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ មិនត្រឹមតែវិធានការរដ្ឋបាលនោះទេ គឺត្រូវប្រឈមមុខនឹងផ្នែកព្រហ្មទណ្ឌ»។

លោកបានឱ្យដឹងទៀតថា «កន្លងទៅបើមានករណីដូចបានលើកឡើងខាងលើនេះ គណៈកម្មការប្រឡងបានសម្រេចត្រឹមតែវិធានការរដ្ឋបាលតែប៉ុណ្ណោះ ដោយត្រូវលុបឈ្មោះចោល ដាក់វិន័យមិនឱ្យប្រឡងនៅពេលខាងមុខទៀត ប៉ុន្ដែចំពោះមុខនេះ យើងនឹងរុញបញ្ហានេះ ឱ្យមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ហើយគណៈកម្មការនឹងសំណូមពរដល់សមត្ថកិច្ចគ្រប់ជំនាញទាំងអស់ ដើម្បីធ្វើការវែកមុខ និងចាត់វិធានការចំពោះអំពើល្មើសព្រហ្មទណ្ឌទាំងឡាយដែលកើតមាន ។លោកបន្ដថាកន្លងមកថ្មីៗនេះក៏បានរកឃើញករណីប្រព្រឹត្តខុសនឹងច្បាប់នៃការប្រឡងផងដែរ អ្នកទាំងនោះកំពុងតែបន្ដនិតីវិធីតាមវិធានការព្រហ្មទណ្ឌ»។

មន្ដ្រីជាន់ខ្ពស់រូបនេះបានបន្ដថា​ គណៈកម្មការនឹងបន្ដអនុវត្ដទៅតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងគុណភាពនៃការប្រឡងនេះ ឱ្យមានតម្លាភាពត្រឹមត្រូវ និងយុត្ដិធម៌ ដូចនឹងប្រសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា «អ្នកចេះជាប់ អ្នកដែលជាប់ប្រកបដោយកិត្ដិយស អ្នកដែលធ្លាក់ គឺធ្លាក់ដោយអស់ចិត្ដ» ។ចឹងការប្រឡងនេះ គឺមានតម្លាភាព យុត្ដិធម៌ និងបរិយាបន្ន និងឈរលើគោលការណ៍គុណធិបតេយ្យពិតប្រាកដជូនដល់ប្អូនៗនិស្សិតរបស់យើង ក៏ដូចជាការចង់បានរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ ដែលសម័យប្រឡងរយៈពេលពីរថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសំណេរចំនួនពីរទីតាំងផ្សេងៗគ្នា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាល័យជាស៊ីម សន្ធរម៉ុក។

យោងសេចក្តីជូនដំណឹងលេខ១៦២/២៣ គបជ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះ បណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ មានបេក្ខជនចំនួន ៦,៣១១នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្រោយពីមានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឲ្យបេក្ខជនចំនួន ៦,០៦៩នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន។

គណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន១,២៧០នាក់ សម្រាប់គ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល។ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕