(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានអនុម័តឱ្យលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជាជំនួស លោក វង សូត ដែលទទួលភារកិច្ចថ្មី។

មហាសន្និបាតវិសាមញ្ញ ក៏បានរអនុម័តធ្វើវិសោធនកម្មលក្ខន្តិកៈរបស់គណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា ស្នើសុំការអនុម័តបន្ថែមសមាសភាព២រូបគឺ ទី១៖ លោក សន សុផល អគ្គនាយកស្តារសម្បទា ជាអនុប្រធាន និងទី២៖ លោកស្រី ហ៊ួយ ហ៊ួង ជាសមាជិក។

លោក ជា សុមេធី បានឱ្យដឹងថា គណៈកម្មាធិការជាតិស្ប៉េស្បាល់ អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្បាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្ត្រីជំនាញ ទៅតាមប្រភេទជនមានពិការភាព និងធ្វើការហ្វឹកហាត់ពួកគាត់ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីពង្រឹង សុខុមាលភាពដល់ពួកគាត់។

ម៉្យាងវិញទៀតលោក ជា សុមេធី បានចាត់ទុកអង្គសន្និបាតនេះជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នា ដើម្បីបានយល់ដឹងបន្ថែមពីចលនាកីឡាស្ប៉េស្បាល់អូឡាំពិកកម្ពុជា ដែលបាននិងកំពុងអនុវត្តសកម្មភាពការងារ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ រហូតដល់បច្ចុប្បន្ននាពេលនេះ។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុទ្ធាលភាពរបស់ប្រជាពលរដ្ឋ ដែល ងាយរងគ្រោះនិងងាយរងហានិភ័យ ជាពិសេសចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលឈានទៅសម្រេចបានជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ជា សុមេធី បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាពការងារពិការភាពក្នុង កម្មវិធីការងារ របស់ក្រសួងដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការ គោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព បានទទួលរបបឧបត្ថម្ភពីរដ្ឋ សេវាស្ដារ លទ្ធភាពពលកម្មកាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ សេវាអក្សរស្ទាប និងភាសាសញ្ញា។

សម្រាប់ជនមានពិការភាព ជាពិសេសកម្មវិធីអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្នបាន ជួយលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ជនមានពិការភាព ធានាបាន ការពង្រឹងភាពជាម្ចាស់ការរបស់ខ្លួន តាមរយៈការចងក្រងក្រុមជួយខ្លួនឯង ពង្រឹងទស្សនៈមើលឃើញសមត្ថភាព ជនមានពិការភាព ប្រសើរជាងមើលឃើញពិការភាព និងការរើសអើងជនមានពិការភាពត្រូវបានកាត់បន្ថយ ដោយផ្តល់ឱកាសស្មើភាពគ្នា ក្នុងការបង្កើតមុខរបរ ដោះស្រាយការងារ បង្កើនប្រាក់ចំណូល ការធ្វើដំណើរ ចល័តទី ការអប់រំ សុខាភិបាល សង្គមកិច្ច ការចូលរួមសកម្មភាពនយោបាយ និងការរអភិវឌ្ឍសង្គមជាដើម។

ជារៀងរាល់ឆ្នាំគណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា បានបន្តជំរុញ និងចូលរួមសហការ ជាមួយអង្គការដៃគូពាក់ព័ន្ធនានា ដែលបានជួយដល់ជនពិការខ្សោយសតិបញ្ញា ជាពិសេសបានផ្តល់ឱកាសដល់ក្មួយៗ បានហ្វឹកហាត់និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាព បានសហការ យ៉ាងជិតស្និតជាមួយអនុគណៈកម្មាធិការរាជធានី-ខេត្ត អង្គការ សមាគមនានា ក្នុងការសម្រេចគោលដៅរួមមួយគឺ មិនបោះបង់ ឬគ្មាននរណាម្នាក់ត្រូវបានទុកចោល -No One Left Behind ទាំងនេះជាការឆ្លុះបញ្ចាំងនូវការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាពគ្រប់ប្រភេទ និងជាការរួមចំណែកក្នុងការអនុវត្ត ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោក ជា សុមេធី បានអំពាវនាវដល់អនុគណៈកម្មាធិការ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា រាជធានី-ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតនានា ដូចដែលគណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។ ហេតុដូច្នេះ ក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល គ្រូបង្វឹក គ្រូជំនួយ និងអ្នកមើលថែរបស់កីឡាករ កីឡាការិនី ជាជនបញ្ញាខ្សោយទាំងអស់ ត្រូវដើរតួយ៉ាង សំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ដើម្បីចូលរួមចលនាកីឡាឱ្យបានច្រើនផុសជុលឡើងបន្ថែមទៀត ។