(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក សូលី វណ្ណប៉ុក នាយករងនៃសាលាភូមិន្ទរដ្ឋបាលនៅសាលាភូមិន្ទរដ្ឋបាល។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅសម្រាប់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យមអំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។

សិក្ខាសាលានេះដែរក៏បានផ្ដល់ឱកាសដល់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ សាស្រ្តាចារ្យ និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យមនៃសាលាភូមិន្ទរដ្ឋបាល៕