(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មនុស្សចំនួន៤៦នាក់ បានរងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកក្រគរ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានបុកនឹងរថយន្តក្រុងដឹកអ្នកដំណើរដូចគ្នា នាវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងនាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះថា ករណីគ្រោះថ្នាក់រថភ្លើង បុករថយន្តក្រុងដឹកអ្នកដំណើរ គឺដោយសារតៃកុងរថយន្តក្រុង មានការធ្វេសប្រហេស ឆ្លងកាត់ផ្លូវរថភ្លើងមិនប្រុងប្រយ័ត្ន និងមានការបើកតន្ត្រីលឺៗផងដែរ។

សេចក្តីរាយការណ៍បន្តថា ជុំវិញករណីនេះ គឺបណ្តាលរងរបួសធ្ងន់ស្រាលមនុស្ស សរុបចំនួន៤៦នាក់ ក្នុងនោះក៏មានតៃកុងរថភ្លើងម្នាក់ផងដែរ ចំពោះតៃកុងរថយន្តក្រុង បានរត់គេចខ្លួនបាត់ស្រម៉ោល។
បច្ចុប្បន្នជនរងគ្រោះចំនួន១៨នាក់ (រងរបួសធ្ងន់ ៥នាក់ និងរងរបួសស្រាល ១៣នាក់) បាននឹងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ដោយឡែក ជនរងគ្រោះដែលរងរបួសស្រាល២៨នាក់ផ្សេងទៀត បាននឹងកំពុងសង្គ្រោះ និងព្យាបាលបឋម នៅមន្ទីរពេទ្យបង្អែកក្រគរ និងមណ្ឌលសុខភាពឈើតុំ។

ក្រោយពេលកើតហេតុ គេបានឃើញវត្តមាន របស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះផ្ទាល់ ដល់មន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដើម្បីសួរសុខទុក្ខ និងអន្តរាគមន៍សង្គ្រោះគ្រប់បែបយ៉ាង ក្នុងនាមជាអាណាព្យាបាលខេត្ត៕