(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសមាជិក សមាជិការសមាគម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

ជាមួយគ្នានេះ លោកអភិបាលខេត្តស្វាយរៀង ក៏បានជំរុញ និងគាំទ្រចំពោះសមាគមរាជសីហ៍ បន្តទិសដៅសកម្មភាពមនុស្សធម៌ តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ ទៅដល់ជនងាយរងគ្រោះ គ្រួសារក្រីក្រ និងសកម្មភាពមនុស្សធម៌ផ្សេងៗបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោក ស៊ូម សារឿន បានលើកឡើងអំពីចក្ខុវិស័យរបស់សមាគម គឺមានគោលបំណងផ្តល់ក្តីសង្ឃឹម ទៅដល់ជនងាយរងគ្រោះ មានដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រី មេម៉ាយក្រីក្រ ជាដើម។

ទន្ទឹមនឹងនោះ បេសកម្មនៃការប្រមូលមូលនិធិ ដែលជាជំនួយមនុស្សធម៌របស់សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រើប្រាស់មូលនិធិទាំងនេះ សម្រាប់សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ព្រមទាំងកែលម្អ គុណភាពជីវិតរបស់ជនងាយរងគ្រោះ នៅក្នុងសង្គមតាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ពួកគាត់ ដោយមិនគិតពីវប្បធម៌ សាសនា និន្នាការនយោបាយអ្វីឡើយ។

លោកបន្តថា ក្នុងនាមប្រធានសមាគមរាជសីហ៍ និងសមាជិកសមាជិការសមាគមទាំងអស់ សូមថ្លែងនូវការអរគុណចំពោះ លោកអភិបាលខេត្ត ដែលបានអនុញ្ញាឲ្យសមាគម និងសមាជិក សមាជិកា បានចូលជួបសម្តែងការគួរសម និងផ្តលឱកាសដល់សមាគមរាជសីហ៍ បានរាយការណ៍អំពីសមិទ្ធផលការងារមនុស្សធម៌ ដែលសម្រេចបានកន្លងមក។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះ សមាគមរាជសីហ៍ ដែលបានឧបត្ថម្ភអំណោយមួយចំនួនដូចជា៖ អង្ករចំនួន១០០០គីឡូ, មី៥០កេស, ទឹកបរិសុទ្ធវីតាល់១០០កេស, ទឹកត្រី៥០យួរ, ទឹកស៉ីអ៉ីវ៥០យួរ និងត្រីខកំប៉ុងចំនួន៥០ដុំ ផ្តល់ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពការងារមនុស្សធម៌ផងដែរ៕