(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ទស្សនកិច្ច និងការអញ្ជើញទៅក្រៅប្រទេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ជាគំរូវីរភាពដ៏ល្អឥតខ្ចោះនៃការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយហត់។

ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីបើកសន្និបាតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រោមមូលបទ «បង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយលោកបានគូសបញ្ជាក់ដូច្នេះថា៖ «ការអញ្ជើញបំពេញទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំនៅបរទេសជាច្រើនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីការចាប់បដិសន្ធិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ជាគំរូវីរភាពដ៏ល្អឥតខ្ចោះនៃ ការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយហត់ ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន ជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុត នៃយើងទាំងអស់គ្នា»

ចាប់តាំងពីចូលកាន់តំណែង សម្តេចធិបតី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំជាច្រើនក្រៅប្រទេស។ បើតាម លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងក្នុងសន្និសីទកាសេតកាលពីទី១៩ ខែកុម្ភៈ បានបង្ហាញ រយៈពេល៦ខែមកនេះ សម្តេចធិបតី បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី, បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងចូលរួមក្នុងពិព័ណ៍អាស៊ាន-ចិន, ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក, ចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំងប្រទេសចិន, កិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត , បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម, ចូលរួមក្នុងកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន លើកទី៥០ នៅ Tokyo ប្រទេសជប៉ុន, ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូស ប្រទេសស្វីស, បំពេញទស្សនកិច្ចនៅបារាំង និងបំពេញទស្សនកិច្ចផ្លូវការនៅថៃ។ បន្ថែមពីនេះ សម្តេចក៏បានបំពេញទស្សនកិច្ចនៅប្រឡាវ កាលពីថ្ងៃទី២៥-២៦ ខែមីនាផងដែរ។

ក្រៅពីពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត អំឡុងពេលទស្សនកិច្ច និងចូលរួមប្រជុំនៅក្រៅប្រទេស សម្ដេចធិបតី នាយករដ្ឋមន្ត្រី តែងជួបជាមួយវិស័យឯកជន ដើម្បីបញ្ចុះបញ្ចូលឱ្យធុរជន និងវិនិយោគិនបរទេសទាំងនោះ មកបង្កើនទុន ឬមកដាក់ទុនរកស៊ីនៅកម្ពុជា។

នៅក្នុងពិធីបើកសន្និបាតដដែលនេះ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ក៏បានគូសបញ្ជាក់បន្តទៀតថា៖ «កិច្ចការទាំងអស់នេះ មិនត្រឹមតែលើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយជំរុញសន្ទុះ នៃកំណើនសេដ្ឋកិច្ចតាមរយៈការកៀរគរការវិនិយោគបរទេស ជំនួយបច្ចេកទេស និងប្រភពហិរញ្ញវត្ថុមកដល់កម្ពុជាផងដែរ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលកាន់តំណែងជាងនាយករដ្ឋមន្រ្តី កាលពីចុងខែសីហា ឆ្នាំ២០២៣ បន្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយពេលគណបក្សកាន់អំណាចនេះ ទទួលបានជោគជ័យទាំងស្រុងក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ ជាមួួយនឹងតំណែងប្រមុខរាជរដ្ឋាភិបាលនេះ សម្តេចបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងដាក់ចេញគោលនយោបាយអាទិភាព៦ចំណុច សំដៅជួយប្រជាពលរដ្ឋដែលងាយរងគ្រោះផងដែរ៕