(ភ្នំពេញ)៖ ក្នុងខែមីនា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការ និងសម្រេចលើពាក្យបណ្តឹងចំនួន៥៤ និងក្នុងនេះក៏មានមន្រ្តីចំនួន ២៣៨នាក់ បានប្រកាសទ្រព្យសម្បត្តិ។

នេះបើតាមការបញ្ជាក់ពីលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសដែលក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី៣៣ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៣២ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។

អ្នកនាំពាក្យ ACU បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលមន្ត្រីចំនួន ២៣៩នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១៥៥នាក់ និងមន្ត្រី ៨៤នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារចូលនិវត្តន៍ និងចប់អាណត្តិ។ អ.ប.ព. បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៥៤ពាក្យប្ដឹង»។

ចំពោះកិច្ចការងារផ្សេងៗទៀត ត្រូវបានលោក សយ ច័ន្ទវិចិត្រ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកកម្ពស់ជួយដល់ការបញ្ជូនលិខិតស្នាម ពី ខេត្តនានាមក អ.ប.ព. ដោយមិនគិតប្រាក់ និងធ្វើឱ្យបានលឿនបំផុត តាមរយៈការចុះអនុស្សារណៈនៃ ការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានប្រតិបត្តិការរបស់ អ.ប.ព. កាលពីថ្ងៃទី១២ ខែ មិនា ឆ្នាំ ២០២៤។

*ការងារបង្ការ ទប់ស្កាត់អំពើពុករលួយ ACU បានចូលរួមសង្កេតការណ៍ការប្រឡងចំនួន ៣លើករួមមាន៖ ការប្រឡងជ្រើសរើស មន្ត្រីរាជការចូលបំរើការងារក្នុងក្របខណ្ឌ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ អ.ប.ព. សង្កេតឃើញថាដំណើរការប្រឡងទាំង៣លើកនេះ ស្ថិតក្រោមការដឹកនាំរបស់ក្រសួងមុខងារសាធារណៈ ជាពិសេសក្រោមការដឹកនាំផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាប់តាំងពីការរៀបចំនីតិវិធីប្រឡង ដំណើរការប្រឡង ដំណើរការកំណែ ការស្រង់-បូកពិន្ទុ និងការប្រកាសលទ្ធផលស្ថាពរ បានប្រព្រឹត្តទៅដោយរលូន និងសហការយ៉ាងល្អជាមួយ អ.ប.ព. នៅគ្រប់ដំណាក់កាលទាំងអស់។

*ACU ក៏បានចុះសង្កេតការណ៍លើលទ្ធកម្មសាធារណៈ ចំនួន ១១៧គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ៤២អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

*ការងារបណ្តុះបណ្តាល ACU បានធ្វើការបណ្តុះបណ្តាល ជំនាញកុំព្យូទ័រ លើកម្មវិធី Ms Word & Ms Excel ដល់មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីក្របខណ្ឌសរុបចំនួន ១៧៦នាក់។ អង្គភាពក៏បានបញ្ជូនមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅអង្គភាព ចំនួន០៧រូប ផ្សេងទៀត ក្នុងនោះ៤រូប ក្នុងវគ្គវិក្រឹតការនៅសាលាភូមិន្ទរដ្ឋបាល និង៣រូប ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តជំនាន់ទី០៦ (តាមប្រពន្ធ័អនឡាញ) ដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាល។

*ការងារតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្រ្តី អ.ប.ព. សរុបចំនួន ៥០រូបបានចូលរួមសិក្ខាសាលាតាមប្រព័ន្ធអនឡាញ របស់អ្នកជំនាញ៣រូប នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (The Organization for Economic Cooperation and Development, OECD) ruumsug ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ដោយផ្ដោតលើទិដ្ឋភាពបីរួមមាន៖ (១)៖ ការគ្រប់គ្រងប្រព័ន្ធសុចរិតភាពសម្រាប់ប្រទេស (២)៖ សូចនករវាស់វែងពីសុចរិតភាព (៣)៖ ការគ្រប់គ្រងទំនាស់ផលប្រយោជន៍នៅអង្គភាពប្រឆាំងអំពើពុករលួយ។

បន្ថែមពីនេះ ACU បានកសាងសំណុំរឿង និងបញ្ជូនឈ្មោះ ឃុត វី ទៅតុលាការខេត្តព្រះវិហារ ដែលទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយទុច្ចរិត ដូចជាសាំលិខិតកាន់កាប់ ប្តឹងទៅតុលាការច្រើនសារលើ ១៣គ្រួសារ ក្នុងនោះមានគ្រួសារអនុសេនីយត្រី រដ្ឋ ទីណា យោធាការពារព្រំដែន៕