(កំពង់ធំ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង ចំនួន៤៨២រូប និងលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោងចំនួន១២រូប នៅរដ្ឋបាលស្រុកស្ទោង។

លោករដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេស ការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ។

លោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង មានប្រសាសន៍ថា ការរៀបចំឱ្យមានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺដើម្បីគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឱ្យបានសកម្មផុសផុល ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា និងចូលរួមបំផុសចលនាឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើការជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ដោយត្រូវចុះដល់មូលដ្ឋាន ស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត ទាន់ពេលវេលា ប្រកបដោយគណនេយ្យភាព និងតម្លាភាព ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិសំដៅឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានគឺចុះជួយ មិនមែនធ្វើជំនួស និងសម្រេចជំនួសអង្គភាពជំនាញនោះទេ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានរម្លឹកអំពីតួនាទីភារកិច្ច របស់ក្រុមការងារចុះមូលដ្ឋានគ្រប់កម្រិត របៀបរបបការងារ ព្រមទាំងយន្តការការងារ ដើម្បីឱ្យការអនុវត្តការងារទទួលបានប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានសម្រេចចាត់តាំង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តាមសេចក្តីសម្រេចលេខ ៣៤សសរ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានសមាសភាពក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំសរុប ២២៤រូប និងបានចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ដោយមានសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកចំនួន ១០៣រូប ព្រមទាំងមានសមាជិកក្រុមការងារចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោងសរុបចំនួន ៤៩៤រូប៕