(ពោធិ៍សាត់)៖ ផ្តើមចេញពីមនោសញ្ចេតនា គោរពស្រឡាញ់ ដល់វីរៈភាពកងទ័ព, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនកងទ័ព និងគ្រួសារ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលស្ថិតក្នុងតំបន់បាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស.២៥៦៨ គស.២០២៤ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

ពិធីនេះបានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក ងួន ប៉ោសេង អភិបាលរងខេត្ត ព្រមទាំងប្រតិភូមអមដំណើរ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងប្រតិភូរួមដំណើរ ដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់កងទ័ព និងគ្រួសារ ដែលបញ្ជាក់ឱ្យកាន់តែច្បាស់ អំពីការគិតគូរ និងជួយសម្រួលដល់ជីវភាពកងទ័ព។ លោកបានជម្រាបជូនផងដែរ អំពីសកម្មភាពការងារអភិវឌ្ឍន៍នៅក្នុងអង្គភាព ការងារជួយសង្គម និងប្តេជ្ញាចិត្តរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការបង្កាទប់ស្កាត់បទល្មើសធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ព ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេង បាននាំមកនូវសុខសន្តិភាព។ 
លោកបន្តថា ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ ហើយទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើន ដោយបានខិតខំកៀងគរអ្នកវិនិយោគចូលមកកម្ពុជា ជាពិសេសនៅក្នុងខេត្តពោធិ៍សាត់បន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើកាន់តែច្រើន និងមានជីវភាពកាន់តែធូរធារ។ ទន្ទឹមនឹងនោះ កងទ័ពរបស់យើង ក៏ត្រូវមានគោលជំហរស្មោះត្រង់ចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» និងគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតផងដែរ។ ពិតណាស់បងប្អូនកងទ័ព មិនត្រឹមតែការពារជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះទេ បងប្អូនក៏ជាបង្អែកយ៉ាងសំខាន់ ក្នុងការជួយថែរក្សាធនធានធម្មជាតិឱ្យនៅឋិតស្ថេរគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនទាំងមូល។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ ក៏បានផ្តល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ រួមមាន មី៨០០កេស ប៊ីចេង៤០កេស ត្រីខកំប៉ុង៨០កេសត្រីងៀត១២០គីឡូក្រាម សាច់ក្រក១២០គីឡូក្រាម ប្រហុកសាច់១២០គីឡូក្រាម ឆៃប៉ូវ៨០០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ ៨០០យួរ និងថវិកា៣០០០ដុល្លារអាមេរិក។ ដោយឡែកកងទ័ពចំនួន៦៣៨នាក់ ក្នុងម្នាក់ៗទទួលបានមី១កេស ត្រីខ១០កំប៉ុង ប្រហុក១គីឡូក្រាម ឆៃប៉ូវផ្អែម១គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន១០០ដុល្លាអាមេរិក ដោយការចំណាយទាំងអស់នេះ គឺប្រើប្រាស់ថវិកាអគ្គិសនីកម្ពុជា ចំនួនចំនួន៧៨០០០ដុល្លារអាមេរិក ថវិកាស្ម័គ្រចិត្តនិយោជិតអគ្គិសនីកម្ពុជា១៩១០ដុល្លាអាមេរិក និងថវិកាអាជ្ញាធរ អគ្គិសនីកម្ពុជា ៥០០០ដុល្លារអាមេរិក៕