(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញអំពីភាពជោគជ័យ នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅក្នុងប្រព័ន្ធតុលាការ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពី៣ឆ្នាំមុន។ លោកបានអះអាងថា រហូតមកដល់ពេលនេះ សំណុំរឿងព្រហ្មទណ្ឌ ដែលកប់នៅតុលាការ ៤-៥ឆ្នាំ លែងមានតទៅទៀតហើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ស្តីអំពីលទ្ធផលនៃមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ។

លោក ជិន ម៉ាលីន បានបញ្ជាក់ដូច្នេះថា៖ «រឿងព្រហ្មទណ្ឌនេះ គឺយើងដោះស្រាយបានច្រើន កន្លងទៅយើងបានដាក់ចេញយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌកាលពីឆ្នាំ២០២០-២០២១កន្លងទៅ ហើយយើងទទួលបានជោគជ័យណាស់ គឺដោះស្រាយបានជាង៩៥ភាគរយ»។

លោកបានបន្តថា៖ អញ្ចឹងសំណុំរឿង៤-៥ឆ្នាំ ឬលើសពី៤-៥ឆ្នាំ គឺលែងមានទៀតហើយ ព្រោះយើងបានដាក់ចេញយុទ្ធនាការមួយប្រាវទៅគឺបានដោះស្រាយសំណុំរឿងដែលកកស្ទះ ប៉ុន្តែសំណុំរឿងរដ្ឋប្បវេណីអាចនឹងមានសល់ច្រើន»។

បើតាម​មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ នៅក្នុងឆ្នាំ២០២៣កន្លងទៅ មានសំណុំរឿងរដ្ឋប្បវេណីចំនួន ៦១៨៥៦ សំណុំរឿង ក្នុងនោះមាន៦៨ភាគរយត្រូវបានដោះស្រាយរួចរាល់ ហើយសំណុំរឿងដែលសេសសល់ នឹងបន្តដោះស្រាយនៅឆ្នាំ២០២៤បន្តទៀត ខណៈដែលសំណុំរឿងព្រហ្មទណ្ឌ ក៏ត្រូវបានដោះស្រាយបានច្រើនផងដែរ៕