(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រុមប្រឹក្សាវិន័យ បានបើកកិច្ចប្រជុំចំនួន១៥លើក ដើម្បីពិនិត្យលើបញ្ហារបស់មន្រ្តីតុលាការចំនួន១៧រូប ក្នុងនោះបានរកឃើញថា មានមន្រ្តី៨រូបមិនមានការពាក់ព័ន្ធ ខណៈ៩រូបទៀតបានរកការពិន័យ។

លោក ជិន ម៉ាលីន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ស្តីអំពីលទ្ធផលនៃមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ។

លោក ជិន ម៉ាលីន បានបញ្ជាក់ដូច្នេះថា៖ «ឆ្នាំ២០២៣ កន្លងទៅក្រុមប្រឹក្សាវិន័យ បានប្រជុំចំនួន១៥លើក ដើម្បីត្រួតពិនិត្យរឿងវិន័យសម្រាប់មន្រ្តីតុលាការ។ ការប្រជុំនេះមានការពាក់ព័ន្ធនឹងមន្រ្តីរបស់យើងចំនួន១៧រូប ហើយក្នុងចំណោម១៧រូបនោះ គឺរួចផុតពីវិន័យ៨រូប បានន័យថា គេប្តឹងមកតែមិនមានការពាក់ព័ន្ធ៨រូប ហើយអ្នកដែលពាក់ព័ន្ធទទួលកម្រិតវិន័យផ្សេងៗគ្នា»

ក្នុងចំណោម៩រូបដែលរងវិន័យនោះ ត្រូវបានអ្នកនាំពាក្យរូបនេះបញ្ជាក់ថា មានការស្តីបន្ទោសផ្ទាល់មាត់ចំនួន១រូប ចុះក្នុងសំណុំផ្ទាល់ខ្លួនរបស់មន្រ្តីចំនួន៦រូប ហើយមិនអនុញ្ញាតឱ្យឡើងថ្នាក់ចំនួន២រូប។ លោកបន្តថាការអនុវត្តវិន័យមានរាល់ឆ្នាំ គ្រាន់តែក្រសួងមិនបានប្រកាសជាសាធារណៈប៉ុណ្ណោះ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ២០២៤តទៅ នឹងមានការប្រកាសជាសាធារណៈ នូវចំនួនអ្នកដែលត្រូវបានពិន័យតែម្តង៕