(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួយសម្របសម្រួលជាមួយរោងចក្រឱ្យបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករនិយោជិត មុនថ្ងៃកំណត់ នៅសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានដំណើរការយ៉ាងរលូន និងមានកិច្ចសហការល្អពីបងប្អូនកម្មករ និយោជិតទាំងអស់។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ, គិតត្រឹមវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ មានកម្មករនិយោជិតសរុបចំនួន ២ ១៤៣នាក់ បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ខ្លួន។

ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នឹងបន្តបើកផ្តល់ នៅថ្ងៃសៅរ៍ ទី៣០, ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ទៀត ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ ក្រសួងក៏មានផ្តល់ជូននូវទឹកសុទ្ធ ភេសជ្ជៈ និងអាហារសម្រន់ជូនបងប្អូនផងដែរ។

ក្រសួងបានប​ន្តអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ សូមត្រៀមឯកសារពាក់ព័ន្ធ និងរួសរាន់មកបើកឱ្យបានគ្រប់ៗគ្នា។

ក្រសួងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់រោងចក្រដែលបានខិតខំស្វែងរកថវិកាមកបើក ជូនបងប្អូនកម្មករនិយោជិតមុនថ្ងៃកំណត់ និងសូមថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលស្រុក អង្គស្នួល និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានសហការចូលរួមសម្របសម្រួលបើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិត។

ចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលមានកិច្ចជាមួយគ្នានេះ ក្រសួងក៏សូមថ្លែងអំណរគុណ សហការល្អ និងសូមជូនពរបងប្អូនកម្មករនិយោជិតដែលមានការងារថ្មីរួចហើយ ឱ្យទទួលបានការរីកចម្រើន។ ចំពោះបងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារថ្មីធ្វើ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបន្តប្រចាំការនៅខាងមុខសាលាស្រុកអង្គស្នួល និង ទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕