(កំពង់ឆ្នាំង)៖ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ ចំណុចជាអាទិភាពរបស់មន្ត្រីសុខាភិបាល ដែលជាអ្នកផ្ដល់សេវាថែទាំ និងព្យាបាលនៅតា មមណ្ឌលសុខភាព ក៏ដូចជានៅតាមមន្ទីរពេទ្យបង្អែកគ្រប់កម្រិត គឺធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវត្ថិភាពជាចម្បង

លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នាឱកាសតំណាងលោកសាស្ត្រាចារ្យ ឈៀង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤។

នៅក្នុងពិធីនេះក៏មានការចូលរួមពីលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទី រពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងអស់លោក លោក ស្រី ជាអនុប្រធានមន្ទីរសុខាភិបាល និងអនុប្រធានមន្ទីរពេទ្យបង្អែ កខេត្ត រួមទាំងប្រធាន និងអនុប្រធានមណ្ឌល សុខភាពតាមបណ្ដាមូលដ្ឋាន និងមន្ត្រីសុ ខាភិបាលសរុបមានចំនួន១០៨នាក់បានអញ្ជើញចូ លរួមក្នុងពិធីនោះផងដែរ។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ង៉ូវ កាង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានខិតខំបំពេញតួនាទីបានយ៉ាងល្អប្រសើរ ជាពិសេសអាជ្ញាធរមូលដ្ឋានដែលបានចូលរួមសហការជាមួយមន្ត្រីសុខាភិបា លក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានមកទទួលសេវានៅតាមមន្ទីរពេទ្យបង្អែកនានា ពិសេសនៅតាមមណ្ឌលសុខភាពតាមបណ្តាមូលដ្ឋានបានយ៉ាងល្អប្រសើរនិងទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិត ក៏បានធ្វើការសំណូមពរ និងណែនាំទៅដល់អង្គសន្និបាតទាំងមូល ត្រូវត្រិះរិះពិចារណារកចំណុចដែលខ្វះចន្លោះនាពេលកន្លងមកដែលអនុវត្តពុំទាន់បានល្អ ដើម្បីលើកយកមកពិភាក្សាសំដៅធ្វើយ៉ាងណា ដើម្បីដោះបញ្ហាដែលនៅសេសសល់ទាំងអស់នោះឲ្យទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំកន្លងទៅ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ចំពោះការផ្ដល់សេវាសុខាភិបាលឯកជននៅតាមមូលដ្ឋានសូមឲ្យមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចុះពិនិត្យឲ្យបានទៀងទាត់ការផ្ដល់សេវាសុខាភិបាលឯកជន នៅតាមមូលដ្ឋានរៀងៗខ្លួនដោយធ្វើនិយ័តកម្មសេវាសុខាភិបាលឯកជនទាំងនោះអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណែនាំ និងបទបញ្ញត្តិច្បាប់ផ្សេងៗដែលបានកំណត់ជាពិសេសគោរពឲ្យ បាននូវក្រមសីលធម៌វិជ្ជាជីវៈសេចក្តីថ្លៃថ្នូរនិងចូលរួមផ្ដល់សេវាសុខាភិបាលមួយប្រកបដោយគុណភាពសុវត្ថិភាពនិងសមធម៌។

បន្ទាប់ពីបានចូលរួមនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងរួចមក លោកវេជ្ជបណ្ឌិត រួមនិងគណៈប្រតិភូអមដំណើរ បានចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល ព្រមទាំងបានពិនិត្យទៅលើការផ្ដល់សេវាសុខាភិបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង រូមទាំងបានពិនិត្យការងារជួសជុលកែលម្អអគារមន្ទីពេទ្យមួយចំនួន ដូចជាអគារផ្នែកវះកាត់ ផ្នែកសង្គ្រោះបន្ទាន់ ដែលជាងកំពុងមមាញឹកក្នុងការជួសជុលកែលម្អ និងបំពាក់នូវសំភារៈដ៏ទំនើបផ្សេងៗនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនេះផងដែរ៕