(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជន និងអតីតយុទ្ធជន មកពី៩ឃុំ ក្នុងស្រុកបាកាន ចំនួន៥២១នាក់ ដោយមានការចូលរួមពី លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ ចុះជួយស្រុកបាកាន, សមាជិកក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, អាជ្ញាធរស្រុក ឃុំ និងក្រុមការងារចុះមូលដ្ឋានមួយចំនួនទៀត។

លោក កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺធ្វើឡើងស្របគ្នាក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងដើម្បីបង្កឱកាស ជូនដល់និវត្តជនទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នា សំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាល និងបានជម្រាបជូនអំពីដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់និវត្តជន និងអតីតយុទ្ធជន ក្នុងការចូលរួមការពារសុខសន្តិភាព និងជាគម្រូល្អដល់កូនចៅជំនាន់ក្រោយ។

លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចបានយកចិត្តទុកដាក់ខ្ពស់ លើការធ្វើបដិវត្តន៍សេដ្ឋកិច្ច និងសង្គម ដោយបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌិជីថលកម្ពុជា ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម។

លោកបានបន្តថា គោលដៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺមានកិច្ចការជាច្រើនដែលត្រូវបំពេញ និងធ្វើការអភិវឌ្ឍន៍ ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើង ដែលត្រូវធ្វើការអភិវឌ្ឍន៍ឱ្យកាន់តែលេចធ្លោរផងដែរ។ ជាក់ស្តែងថ្មីៗនេះដូចជាក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាអំឡុងឆ្នាំ២០១០ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់លទ្ធភាពពិសេស សម្រាប់ពង្រីកការវិនិយោគបន្ថែម ជាមួយនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ក្នុងទឹកដីនៃស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគ ចន្លោះពី៤០០ទៅ ៦៥០លានដុល្លារ ដើម្បីតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ និងផ្តល់ឱកាសការងារដល់កូនចៅរបស់យើងបានច្រើន។ នេះក៏ដោយសារតែប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ បានគាំទ្រគោលនយោបាយយ៉ាងច្រើនលើសលប់។

មិនត្រឹមតែប៉ុណ្ណោះ យើងក៏ត្រូវមានកិច្ចការងារជាច្រើនដែលទាមទារឱ្យមានចូលរួម បង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន ដូចជាបញ្ហាគ្រឿងញៀន ពិសេសរឿងការកាប់បំផ្លាញធនធានធម្មជាតិ ដែលកំពុងតែកើតមានយ៉ាងក្តៅគគុក នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ។ ទាំងនេះយើងធ្វើដើម្បីតែប្រយោជន៍រួម និងភាពសុខុដុមរមនា របស់ប្រជាជន និងប្រទេសជាតិទាំងមូល។

លោក កែវ រតនៈ បានបន្ថែមថា និវត្តជននិងអតីតយុទ្ធជន គឺជារៀមច្បង និងជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ប្រទេសជាតិ ដែលបានខិតខំត្រួសត្រាយផ្លូវ នាំមកនូវសុខសន្តិភាព បើទោះបីពូមីញទាំងអស់បានចប់ភារកិច្ចបម្រើជាតិហើយក្តី តែពូមីញនៅមានកាតព្វកិច្ច និងជួយជ្រោមជ្រែងការងារ ដល់អ្នកជំនាន់ក្រោយបន្ថែមទៀត។ លោករដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់និវត្តជនទាំងអស់ សូមថែរក្សាសុខភាព ដើម្បីបន្តមើលឃើញការអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ ហើយប្រសិនបើមានឱកាស លោកនឹងរៀបចំដំណើរទស្សនកិច្ចកម្សាន្ត ទៅរមណីយដ្ឋាននានាទាំងអស់គ្នា។

នៅក្នុងឱកាសនោះ និវត្តជននិងអតីតយុទ្ធជន ដែលបានចូលរួម មកពី៩ឃុំ ក្នុងស្រុកបាកាន ចំនួន៥២១នាក់ ក្នុងម្នាក់ៗទទួលបានវត្ថុកំដរដៃ នំ១ធុង និងថវិកា ២ម៉ឺនរៀលផងដែរ៕