(ភ្នំពេញ)៖ ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ «Chivann Pen ហៅតាប្រមឹក» ត្រូវក្រុមអ្នក​នយោ​​បាយ​ប្រឆាំង និងក្រុមវិទ្យុផ្សាយជាខេមរភាសាពីបរទេសព្យាយាមតម្កើងជាអ្នកក្លាហាន និងដូចវីរបុរសរបស់ពួក​គេ ក៏ព្រោះម្ចាស់គណនេយ្យហ្វេសប៊ុករូបនេះ តែងសរសេរវាយ​ប្រហារ​លើសកម្មភាពរាជរដ្ឋាភិបាល។

ចុងក្រោយនេះម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ «Chivann Pen ហៅតាប្រមឹក» រឹតតែ​ទទួល​បានការ​ចាប់​​អារម្មណ៍ខ្លាំងថែមទៀត បន្ទាប់ពីរូបគេបានសរសេរចោទប្រកាន់ថា លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋ​​មន្ត្រី ជាអ្នកជាប់​ពាក់ព័ន្ធនឹងការបាត់លុយរបស់របស់​ក្រុម​ហ៊ុន CIC ដែលជាព្រឹត្តិការណ៍ដ៏កក្រើកមួយក្នុងសង្គមខ្មែរ។

ការចោទប្រកាន់នេះ បានធ្វើឱ្យម្ចាស់គណនេយ្យហ្វេសប៊ុករូបនេះ រងបណ្តឹងពីលោក ព្រាប កុល ឈាន​ដល់​ការ​អនុវត្តន៍ច្បាប់ និងចាប់ដាក់ពន្ធនាគារផងដែរ ពាក់ព័ន្ធបទញុះញង់​ឱ្យ​មាន​ការរើសអើង និង​បរិហារ​កេរ្តិ៍ជា​សាធារណៈ កាលពីខែមករា ឆ្នាំ២០២៤កន្លងទៅនេះ។

សាធារណជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្គាល់ម្ចាស់គណនេយ្យហ្វេស​ប៊ុកឈ្មោះ «Chivann Pen ហៅតាប្រមឹក» និងវាយតម្លៃគេថា ជាមនុស្សស្នេហាយុត្តិធម៌ ស្នេហា​ភាពត្រឹមត្រូវក្នុង​សង្គម តាមរយៈសំណេរដែលបានសរសេរលើហ្វេសប៊ុក ហ៊ានវាយ​ប្រហារ​លើរាជ​រដ្ឋាភិបាល។ ប៉ុន្តែមិន​មាននរណាដឹងថា ម្ចាស់គណនេយ្យនេះ មានដំណើរជីវិត​ពិត​បែបណានោះឡើយ? សូម្បីតែឈ្មោះពិត​របស់​គេ ក៏ត្រូវបានលាក់ផងដែរ។

តើម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ «Chivann Pen (តាប្រមឹក)» មានដំណើរ​ជីវិតបែប​ណា?

យោងទៅតាមដីការបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០២៤ បានបង្ហាញថា ម្ចាស់គណនេយ្យហ្វេសប៊ុកនេះ មានឈ្មោះ​ពិត​ថា យ៉ង ប៉ាក់ មានអាយុ ៤៤ឆ្នាំ កើតនៅភូមិព្រៃព្រាយ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ។ មុនពេលសមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ យ៉ង ប៉ាក់ ស្នាក់នៅផ្ទុះក្នុងបុរីវិមាន​ភ្នំពេញ ផ្ទះលេខ៦I ផ្លូវលេខ២០៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក យ៉ង ប៉ាក់ មានប្រពន្ធឈ្មោះ វណ្ណ ចាន់ទី និងកូន២នាក់។ ប្រពន្ធ និងកូនរបស់លោក យ៉ង ប៉ាក់ ទើបនឹងត្រូវបានបញ្ជូនទៅរស់នៅប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗ​កន្លងទៅ​នេះ​។

ក្រៅពីប្រភពអត្តសញ្ញាណដែលបង្ហាញដោយតុលាការនេះទៅ ប្រភពព័ត៌មានពីអ្នកស្គាល់​លោក យ៉ង ប៉ាក់ ក៏បានឱ្យដឹងផងដែរថា លោក យ៉ង ប៉ាក់ ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន AGRIBEE រកស៊ីលើវិស័យស្រូវអង្ករ។ ប៉ុន្តែដោយសារភាពមិនស្មោះត្រង់របស់លោក យ៉ង ប៉ាក់ លេបយកលុយដៃគូវិនិយោគជាជនបរទេសប្រមាណ ១លានដុល្លារ ក៏ធ្វើឱ្យ​ដៃ​គូវិនិ​យោគ​​ដកការវិនិយោគ ហើយធ្វើឱ្យក្រុមហ៊ុននេះលែងដំណើរការផងដែរ។

លោក យ៉ង ប៉ាក់ ក៏ជាជនរកស៊ីបោកប្រាស់មួយរូប ដែលមិនមាននរណាដឹងនោះឡើយ។ មាន​អ្នករកស៊ីក្នុងវិស័យស្រូវអង្ករជាច្រើនរូប ត្រូវបានបុគ្គលរូបនេះឆបោកលុយអស់រាប់​សិប​ម៉ឺន​ដុល្លារ។ ក្នុងនោះសូម្បីពលរដ្ឋរកស៊ីលក់អង្កាម ក៏បានរងការចាញ់បោកបុគ្គលរូបនេះ​ផង​ដែរ។

លោក កង ផល្លា អាយុ ៤៥ឆ្នាំ រស់នៅស្រុកដងទង់ ខេត្តកំពត ជាមនុស្សមួយរូបក្នុង​ចំណោម​​​មនុស្សជាច្រើនរូប ត្រូវបានបុគ្គលឈ្មោះ យ៉ង ប៉ាក់ និងជាម្ចាស់គណនេយ្យ​ហ្វេស​ប៊ុក «Chivann Pen ហៅតាប្រមឹក» បោកប្រាស់លុយអស់ជិត១០ម៉ឺនដុល្លារ។

លោក កង ផល្លា បានជួបប្រាស្រ័យជាមួយលោក យ៉ង ប៉ាក់ តាមរយៈការរកស៊ីជួញអង្កាម។ លោក កង ផល្លា បានរៀបរាប់ថា កាលពីឆ្នាំ២០២៣ លោក យ៉ង ប៉ាក់ បានទាក់ទងលោក​ទិញ​​អង្កាមយកទៅផ្គត់ផ្គង់តាមរោងចក្រផលិតស៊ីម៉ង់តិ៍នៅក្នុងខេត្តកំពត។

លោក កង ផល្លា បានរៀបរាប់ប្រាប់ Fresh News ថា បុគ្គលឈ្មោះ យ៉ង ប៉ាក់ នេះ បាន​បញ្ជាទិញអង្កាមពីលោកជាបន្តបន្ទាប់ដោយមានទឹកសរុបជិត ១០ម៉ឺនដុល្លារអាមេរិក។ បន្ទាប់​ពីបានបញ្ជាទិញអង្កាមហើយនោះ បុគ្គលឈ្មោះ យ៉ង ប៉ាក់ បានចេញមូលប្បទានប័ត្រ (សែក) ចំនួន៥សន្លឹក ឱ្យទៅបើកប្រាក់។ ពេលទៅបើកប្រាក់ ក្នុងគណនេយ្យធនា​គាររបស់​លោក យ៉ង ប៉ាក់ មិនមានលុយនោះឡើយ។

បន្ទាប់ពីចេញមូលប្បទាប័ត្រមិនមានប្រាក់ហើយ បុគ្គល យ៉ង ប៉ាក់ បានគេចវេសជាបន្ត​បន្ទាប់​។ នៅទីបំផុត ពោលគឺថ្ងៃខែសីហា ឆ្នាំ២០២៣ លោក កង ផល្លា និងភរិយា បានសម្រេចប្តឹង​លោក យ៉ង ប៉ាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែតុលាការមិនទាន់មានចំណាត់ការ​លើ​បុគ្គលនេះនៅឡើយនោះទេ។

បើតាមលោក កង ផល្លា បន្ទាប់កើតរឿងចាញ់បោកនេះទៅ លោកក៏ទទួលបានព័ត៌មានពីការ​ឆបោករបស់បុគ្គល យ៉ង ប៉ាក់ ជាច្រើនករណីផ្សេងទៀត។

របរជំនួញអង្កាមមិនជាទទួលបានប្រាក់ចំណេញអ្វីច្រើននោះឡើយ គឺគ្រាន់តែជួយទ្រទ្រងជី​វិត​បាន​មួយរស់ៗប៉ុណ្ណោះ។ ក្រោយរងការចាញ់បោកបុគ្គល យ៉ង ប៉ាក់ អស់ជិត១០ម៉ឺនដុល្លារ កំពុង​ធ្វើឱ្យលោក កង ផល្លា ជួបការលំបាកខ្លាំង ជាពិសេសរកលុយបង់ការប្រាក់ជូន​ធនា​គារ ព្រោះថាប្រាក់ដែលយកទៅទិញអង្កាមលក់បន្តនោះ សុទ្ធជាលុយខ្ចីពីធនាគារ។

លោក កង ផល្លា

លោក យ៉ង ប៉ាក់