(កណ្ដាល)៖ លោក ហេង រតនា ប្រធានក្រុមការងារ ថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំប្រជុំបូកសរុបការងារ គណបក្សស្រុកលើកដែក ជាមួយ​សមាជិក-សមាជិកា ក្រុមប្រឹក្សាឃុំទាំងអស់ នៅទីស្នាក់ការគណបក្សស្រុក។

កិច្ចប្រជុំនេះ ធ្វើឡើងក៏ដើម្បីថ្លែងអំណរគុណ សមាជិក-សមាជិកា ក្រុមប្រឹក្សាឃុំទាំងអស់ ដែលបានទៅចូលរួមបោះឆ្នោតព្រឹទ្ធសភា កន្លងទៅថ្មីៗនេះ និងបានគាំទ្រគណបក្សប្រជាជន ឲ្យទទួលជោគជ័យយ៉ាងធំធេង។

ក្នុងឱកាសនោះ លោក ហេង រតនា ​បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពី​សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី​ ប្រធានអចិន្ត្រៃយ៍គណ:ពង្រឹងមូលដ្ឋាន ស្រុកលើកដែក។

លោក ហេង រតនា ក៏បានប្រាប់ដល់សមាជិក-សមាជិកា នៃគណបក្សស្រុកលើកដែក ពីការដាក់ចេញគោលនយោបាយ ក្នុងអាណត្ដិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្ដអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ផងដែរ។

ទន្ទឹងនឹងនេះ​ នៅរដូវកាលចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ខាងមុខនេះ​ លោក ហេង រតនា ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល ក៏បាននាំយកសម្ភារៈមួយចំនួន និងជូនពរដល់សមាជិក-សមាជិកាទាំងអស់ បានជួបព្រះពុទ្ធពរ៤ប្រការ​ និងរៀបចំកម្មវិធីរីករាយឆ្នាំថ្មី​ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤៕