(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នឹងអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

វត្តមណីរតនារាម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ មានផ្ទៃដីទំហំប្រាំបីហិកតា។ ពីដំបូងទី​វត្ដនេះមានឈ្មោះថា មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន ដែលកាលមុនជាមជ្ឈមណ្ឌល​អប់​រំ​ព្រះពុទ្ធសាសនា មានទីតាំងនៅក្នុងវត្តកែវសុវណ្ណ ឃុំបន្ទាយដី ស្រុកល្អៀង ខេត្តពោធិ៍សាត់។ ដើម្បី​ពង្រីកមណ្ឌលអប់រំឱ្យទូលំទូលាយងាយស្រួលដល់អ្នកសិក្សា ប្រតិបត្តិ និងជាទីគង់នៅ​សិក្សា​របស់ព្រះសង្ឃផងនោះ គណៈកម្មការបានផ្តួចផ្តើមគំនិតបង្កើតឱ្យមានមណ្ឌលសិក្សា​មួយ​ដោយឡែកនៅលើទីតាំងណាមួយមិនឆ្ងាយពេកពីទីប្រជុំជន។ ដោយទឹកចិត្តសទ្ធាជ្រះថ្លា របស់​លោក ជុក ប៉ិលសន្តិភាព និងឧបាសិកា ជា កែវមុនី លោកបានបរិច្ចាគដីស្រែរបស់លោកដែល​មានទីតាំងក្នុងភូមិថ្នល់បំបែក ឃុំរលាប ស្រុកសំពៅមាស (បច្ចុប្បន្នក្រុងពោធិ៍សាត់) ខេត្ត​ពោធិ៍​សាត់ ទំហំ ២ហិកតា ប្រគល់ជូនគណៈកម្មការសម្រាប់សាងសង់ជាមណ្ឌលសិក្សា ហើយបាន​ស្នើសុំបង្កើតមណ្ឌលអប់រំព្រះពុទ្ធសាសនា លើទីតាំងខាងលើ បន្ទាប់មក បានប្ដូរទីតាំង​មជ្ឈ​មណ្ឌល​អប់រំព្រះពុទ្ធសាសនាពីវត្តកែវសុវណ្ណ មកសាងសង់លើទីតាំងថ្មីនៅឆ្នាំ២០០១ ដោយ​បានប្តូរឈ្មោះពីមជ្ឈមណ្ឌលអប់រំព្រះពុទ្ធសាសនា ជាពុទ្ធសាសនមណ្ឌលមណីរ័ត្នវិញ។

លុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១ បានបើកការដ្ឋានជីកស្រះទំហំ ៣០ម៉ែត្រ គុណ៥០ម៉ែត្រ យក​អាចម៌​ដី ចាក់បំពេញទីធ្លាបានទំហំ ៤៥ម៉ែត្រ គុណ ១០០ម៉ែត្រ និងសង់កុដិតូចប្រក់ ស័ង្កសី​ទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ បានចំនួន ៣ខ្នង សង់សាលាប្រក់ស័ង្កសីទំហំ ១៣ម៉ែត្រ គុណ ១៣ម៉ែត្រ បាន ១ខ្នង សង់ផ្ទះបាយប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ គុណ ៩ម៉ែត្រ បានចំនួន ១ខ្នង​។ បន្ទាប់មកនៅឆ្នាំ២០០២ បានបើកសាលារៀនព្រះធម៌ និងនិមន្តភិក្ខុ សាមណេរ គង់​ក្នុង​មណ្ឌលសិក្សា ហើយបាននិមន្តធម្មាចារ្យ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា និងភិក្ខុ សាមណេរ ចំនួន ៤អង្គផ្សេងទៀត មកបើកបង្រៀនព្រះធម៌ និងគង់នៅក្នុងមណ្ឌល។ បន្ទាប់មក ត្រូវបានប្តូរ​ឈ្មោះពីពុទ្ធសាសនមណ្ឌលមណីរត្ន ទៅជាមណ្ឌលសិក្សាព្រះពុទ្ធសាសនា មណីរត្នវិញ។

ក្រោមកិច្ចដឹកនាំផ្តួចផ្តើមរបស់ភិក្ខុវជិរប្បញ្ញោ សាន សុជា និងមានការឧបត្ថម្ភពីសប្បុរសជន ដោយមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេស បានកសាងជាបន្តបន្ទាប់ រួម​មាន៖ ផ្លូវក្រាលគ្រួសក្រហមចូលទៅមណ្ឌលទំហំ ៧ម៉ែត្រ កម្ពស់ ១,៥ម៉ែត្រ ប្រវែង៩៥០ ម៉ែត្រ និងសមិទ្ធផលជាច្រើនទៀតជាបន្តបន្ទាប់។ ដោយការរីកចម្រើនក្នងការគោរព​ប្រណិ​ប័តន៍ និងការរីកចម្រើនសមិទ្ធផលនានាផងនោះ នៅឆ្នាំ២០១០ ក៏មានការឯកភាព និងមូល​មតិស្នើសុំប្ដូរឈ្មោះពីមណ្ឌលសិក្សាព្រះពុទ្ធសាសនា មណីរត្ន ទៅជាវត្តមណីរតនារាមវិញ។

វត្តថ្មីនេះ ត្រូវដាក់ឱ្យព្រះសង្ឃ ពុទ្ធបរិស័ទគោរពប្រតិបត្តិ និងធ្វើបុណ្យទានឱ្យបានត្រឹមត្រូវ ទៅ​តាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត ព្រមទាំងច្បាប់របស់រដ្ឋាភិបាលកម្ពុជា។

សមិទ្ធផលដែលបានបន្តកសាង និងសម្រេចបង្ហើយរួចរាល់រួមមាន៖
១៖ ព្រះបទុមចេតិយ ដែលមានកម្ពស់ ៥១ម៉ែត្រ ផ្ចិតបាតទម្រប្រវែង ២២ម៉ែត្រ អមដោយ ស្រះទឹក ព័ទ្ធជុំវិញ លម្អទៅដោយសួនច្បារក្នុងផ្ទៃដីប្រមាណជា ១ហិកតា
២៖ កែសម្រួលសាលាភត្ត ១ខ្នងទំហំ ៣,៧២០ ម៉ែត្រការ៉េ
៣៖ ចាក់សាបបេតុងទីធ្លាជុំវិញ ធ្វើឱ្យមានភាពងាយស្រួល ដល់ពុទ្ធបរិស័ទធ្វើដំណើរ
៤៖ សាលាបាលី ២ជាន់ មាន ៤បន្ទប់
៥៖ សមូហចេតិយចំនួន១ ទុកសម្រាប់ដាក់តម្កល់អដ្ឋិធាតុរបស់អាចារ្យ គណៈកម្មការ និង​ពុទ្ធបរិស័ទទាំងឡាយ ដែលគ្មានលទ្ធភាព
៦៖ ស្ថានីយវិទ្យុផ្សព្វផ្សាយសំឡេងព្រះធម៌ ១ខ្នង ដែលកំពុងដំណើរការផ្សព្វផ្សាយព្រះធម៌ ជារៀងរាល់ថ្ងៃ។
៧៖ កុដិថ្មបេតុងជញ្ជាំងឥដ្ឋប្រក់ក្បឿង ១ខ្នង។

គិតមកដល់ពេលនេះ ការសាងសង់ព្រះបទុមចេតិយ និងរៀបចំទីធ្លាខាងមុខ ចំណាយអស់​ទឹកប្រាក់សរុបចំនួន ១,៣០០,០០០ដុល្លារអាមរិក ហើយនៅមានការខ្វះខាត ការកសាង សមិទ្ធផលនានាជាច្រើនទៀតសម្រាប់ពុទ្ធបរិស័ទប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងវិស័យ ពុទ្ធ​ចក្រ និងអាណាចក្រ។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានាក្នុងវត្តមណីរតនារាម បានធ្វើឡើងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ក្នុងពិធីបុណ្យឆ្លងរយៈពេល៥ថ្ងៃនេះ មានការសម្តែងព្រះធម៌ទេសនាពីសំណាក់ព្រះធម្មកថិកល្បីៗជាច្រើនអង្គ ហើយក៏មានកម្មវិធីចែករំលែកធម្មទានជាច្រើនទៀត៕