(កំពង់ចាម)៖ ក្នុងឱកាសអញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីសាងសង់អគារស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នៅក្បែរទីតាំងសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមីនាឆ្នាំ ២០២៤នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកដល់គ្រួសារអតីតយុទ្ធជន ឲ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយប្រើប័ណ្ណបសស ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យឲ្យបានទៀងទាត់។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ទៀតថា ដើម្បីឲ្យសុខភាពល្អ និងអាយុវែង សូមអតីតយុទ្ធជន ធ្វើលំហាត់ប្រាណ ពិនិត្យសុខភាពឲ្យទៀងទាត់ លេបថ្នាំឲ្យទៀងទាត់ ដើម្បីបានអាយុយឺនយូរ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មានសេចក្តីនឹករលឹក និងតែងតែខ្វល់ខ្វាយគិតគូរអំពីសុខ និងទុក្ខ អំពីជីវភាពរស់នៅរបស់អតីតយុទ្ធជន តាមរយៈលោកតែងតែបានធ្វើរបាយការណ៍ជូនសម្ដេចជាប់ជាប្រចាំ អំពីសុខទុក្ខ អំពីការលំបាក និងត្រូវដោះស្រាយបន្តអ្វីខ្លះ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា អតីតយុទ្ធជន គឺជាស្ថាបនិកដ៏សំខាន់ និងជាអ្នករួមប្រតិបត្តិករ ជាមួយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះហើយទើបសម្ដេចបានចាត់បញ្ជារូបលោកឲ្យចុះមើលពីសុខ និងទុក្ខរបស់អតីតយុទ្ធជនគ្រប់ទីកន្លែង ដើម្បីត្រួតពិនិត្យមើលអំពីស្ថានភាពរស់នៅរបស់ពួកគាត់ និងខិតខំដោះស្រាយការលំបាកផ្សេងៗរបស់អតីតយុទ្ធជន៕