(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានស.ស.យ.ក ខេត្តពោធិ៍សាត់ តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាលារបស់លោក ហ៊ុន ម៉ានី និងលោកស្រី មកជូនដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្តក្រុង កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចច្រកចូលរមណីយដ្ឋាទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបណ្តាលឲ្យមានអ្នករងរបួសស្រាល ធ្ងន់ សរុបចំនួន៤៦នាក់។

ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រសួងសុខាភិបាល អភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ និងសម្តេចប្រមុខរាជរដ្ឋាភិបាល ជនរងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ បានទទួលការព្យាបាលប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយមួយចំនួនដែលមានសភាពរងរបួសស្រាល ក៏បានចេញពីមន្ទីរពេទ្យជាបន្តបន្ទាប់ និងរហូតមកដល់ថ្ងៃទី៣០ ខែមីនា នេះនៅសល់អ្នករងរបួសតែ១៨នាក់ទេ និងបន្តសុំចេញនាល្ងាចថ្ងៃទី៣០ មីនា នេះជាបន្តទៀតផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុខគង់ បាននាំនូវការផ្ដាំផ្ញើរបស់លោក ហ៊ុន ម៉ានី ជូនពរដល់រងគ្រោះថ្នាក់ទាំងអស់បានឆាប់ជាសះស្បើយ និងវិលត្រឡប់ទៅជួបជុំគ្រួសារវិញក្នុងពេលឆាប់ៗ៕