(ភ្នំពេញ)៖ តាមរយៈកិច្ចពិភាក្សាក្នុងវេទិកាដ៏ពិសេសមួយបានបង្ហាញថា ភាគីក្រសួងទេសចរណ៍ ភាគីសមាគមទេសចរណ៍កម្ពុជា (CATA) ក៏ដូចជាក្រុមហ៊ុនដៃគូ ប្រតិបត្តិករទេសចរណ៍ជាច្រើន បានរួមគ្នាពិភាក្សាពីគន្លឹះបង្កើនភាពជឿជាក់ ទំនុកចិត្តជូនចំពោះភ្ញៀវទេសចរដែលមកដល់ប្រទេសកម្ពុជា ពិសេសគឺសម័យក្រោយវិបត្តិជំងឺកូវីដ១៩។

គួរជម្រាបថា នារាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មានការរៀបចំវេទិកាពិភាក្សាសមាគមទេសចរណ៍កម្ពុជាឆ្នាំ២០២៤ (CATA Talk 2024) ក្រោមប្រធានបទ៖ ទទួលយកបទពិសោធន៍ធ្វើដំណើរមកកម្ពុជាដោយភាពជឿជាក់ (Experience Cambodia with Confidence) ក្រោមអធិបតីភាពលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) និងដៃគូសហការយ៉ាងច្រើនកុះករ។

នាឱកាសនោះ លោកស្រីប្រធាន ឆាយ ស៊ីវលីន បានឱ្យដឹងថា «វេទិកាពិភាក្សានេះធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ដែលពិតជាមានសារសំខាន់ខ្លាំងណាស់ គឺដើម្បីប្រមូលផ្ដុំប្រតិបត្តិករទេសចរណ៍ជាច្រើនមកចូលរួមចែករំលែក ទស្សនវិស័យ កាយលឃើញពីនិន្នាការភ្ញៀវទេសចរក្នុងសម័យកាលក្រោយវិបត្តិជំងឺកូវីដ១៩»

លោកស្រីប្រធានបានបន្តថា វេទិកា CATA Talk ក៏បានរំលេចនូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដើម្បីចងក្រងជាឯកសារទុក និងរៀបចំជាយុទ្ធសាស្ត្រទាក់ទាញតាមទីផ្សារទេសចរណ៍នីមួយៗ ដើម្បីចូលរួមអនុវត្តផែនការស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ១៩ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។

លោក យក់ ចំរើនឫទ្ធិ អគ្គនាយកប្រតិបត្តិនៃហ្វតតេគ្រុប បានឱ្យដឹងថា ដើម្បីឱ្យប្រទេសជាតិ ពិសេសប្រជាពលរដ្ឋភាគច្រើនមានការរីកចម្រើនទៅបាន ទាល់តែជួយឱ្យវិស័យទេសចរណ៍មានដំណើរការលូតលាស់ទៅមុខដែរ។ លោកអគ្គនាយកបន្តថា «ភ្ញៀវទេសចរបរទេសមកប្រទេសយើង បានទិញ បានទទួលទានអាហារ បានប្រើប្រាស់ផលិតផលក្នុងស្រុករបស់យើងដែរ ដែលជំរុញឱ្យអាជីវកម្ម ពាណិជ្ជកម្ម ប្រតិបត្តិករទេសចរណ៍ និងពលរដ្ឋទូទៅទទួលបានអត្ថប្រយោជន ផលចំណេញពីវិស័យទេសចរណ៍នេះ»

លោករដ្ឋលេខាធិការ ហោ សារុន បានកោតសរសើរចំពោះការរៀបចំវេទិកាពិភាក្សាសមាគមទេសចរណ៍កម្ពុជានេះ និងប្រធានបទនេះជាខ្លាំង ដែលបានបើកឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់បានពិភាក្សាគ្នា រិះរកយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរ ពិសេសគឺបានផ្ដល់កិត្តិយសឱ្យថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ក៏ដូចជាក្រសួង-ស្ថាប័នដទៃទៀតបានចូលរួមចែករំលែកពីគោលនយោបាយ យុទ្ធនាការ គោលការណ៍ផ្សេងៗដល់ប្រតិបត្តិករដែលជាអ្នកបំពេញការងារផ្ទាល់ជាមួយភ្ញៀវទេសចរ និងនៅក្នុងទីផ្សារទេសចរណ៍។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងទេសចរណ៍នៅតែបន្តកិច្ចសហការជាមួយសមាគម CATA និងប្រតិបត្តិករទេសចរណ៍ដទៃទៀត ដែលជាដៃគូឯកជនដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងបានលើកទឹកចិត្តឱ្យសមាគម CATA និងដៃគូប្រតិបត្តិករនានាបន្តកិច្ចសហការនេះឱ្យបានជិតស្និទ្ធ ដើម្បីយើងដើរទៅមុខប្រកបដោយភាពរីកចម្រើនទាំងអស់គ្នា។

គួរជម្រាបថា វេទិកាពិភាក្សាសមាគមទេសចរណ៍កម្ពុជាឆ្នាំ២០២៤នេះ បានបង្កើតឱ្យមានការពិភាក្សា ចែករំលែកពិសោធន៍ ការប្រើប្រាស់សេវាធានារ៉ាប់របស់ក្រុមហ៊ុនហ្វតតេ ការលើកឡើងនូវសំណួរ-ចម្លើយរវាងអ្នកចូលរួមជាមួយបណ្ដាវាគ្មិន ក្នុងនោះមានលោក ជុក ជំនោរ អគ្គនាយកនៃក្រសួងទេសចរណ៍ លោកស្រីប្រធាន ឆាយ ស៊ីវលីន ព្រមទាំងវាគ្មិនមកពីក្រុមហ៊ុនហ្វតតេគ្រុបផងដែរ។

តាមរយៈវេទិកានេះ ក្រសួងទេសចរណ៍ សមាគមទេសចរណ៍កម្ពុជា (CATA) ក៏ដូចជាក្រុមហ៊ុនដៃគូ ប្រតិបត្តិករទេសចរណ៍ទាំងឡាយបានប្ដេជ្ញារួមគ្នាខិតខំបង្កើនភាពជឿជាក់ ទំនុកចិត្តចំពោះភ្ញៀវទេសចរដែលមកដល់ប្រទេសកម្ពុជា ពិសេសគឺក្រោយវិបត្តិជំងឺកូវីដ១៩ ដែលជាដំណាក់កាលស្ដារវិស័យទេសចរណ៍ដ៏សំខាន់៕