(ព្រះវិហារ)៖ ប្រតិភូខណ្ឌចំនួន៣ មានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំគណៈប្រតិភូទៅសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់កម្លាំងយោធាដែលកំពុងឈរជើង នៅសមរភូមិខេត្តព្រះវិហារនោះ គឺអង្គភាពវរសេនាតូចលេខ ៣៩២ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលឈរជើងបំពេញបេសកម្មការពារបូរណភាពទឹកដីនៅតំបន់ប្រាសាទព្រះវិហារ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សកម្មភាពចែកអំណោយដល់កងទ័ព ដែលកំពុងឈរជើងការពារទឹកដីខាងលើនេះ បានធ្វើឡើងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មកដល់នាពេលដ៏ខ្លីខាងមុខ ក៏ដូចជាបង្ហាញពីការយកចិត្ត និងគាំទ្រពីសមរភូមិខាងក្រោយចំពោះសមរភូមិខាងមុខ។

ដោយឡែក អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងដឹកនាំគណៈប្រតិទៅកាន់ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤នេះ។

នៅចំពោះមុខកម្លាំងទាហានទាំងអស់ លោកអភិបាលទាំង៣ខណ្ឌ បានលើកឡើងនូវចំពោះមុខកងទ័ពថា ប្រទេសកម្ពុជា បាននិងកំពុងវិវត្តរីកចម្រើនទៅមុខ ក្រោមម្លប់
សុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ គិតមកដល់ពេលនេះមានរយៈពេលជាង ២៥ឆ្នាំមកហើយ។

មរតកសន្តិភាពដ៏ពិសិដ្ឋិនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបានផ្តល់នូវកាលានុវត្តភាពដ៏ធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត ហើយសមិទ្ធផលទាំងនេះ បាននិងកំពុងជំរុញលើកទឹកចិត្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយជវភាព ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឈឹម ភាពជឿជាក់ និងឆន្ទៈមោះមុត ដោយបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អជាស្នូល សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

នាឱកាសនោះដែរ គណៈប្រតិភូបាននាំយកអំណោយ ផ្តល់ជូនវរ:សេនាតូចលេខ ៣៩២ នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់រវៈកងទ័ពដែលកំពុងឈរជើងការពារទឹកដី ដោយក្តីរីករាយនូវពរជ័យឆ្នាំថ្មី ដែលនឹងមកដល់នាពេលខាងមុខផងដែរ ៕