(សៀមរាប)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរខួប១៥ឆ្នាំ នៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង១០ឆ្នាំ នៃការបង្កើតសាខាខេត្តសៀមរាប ក្រោមអធិបតីឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអ្នកចូលរួមប្រមាណ៥០០នាក់។

ពិធីអបអរសារទរខួប ១៥ឆ្នាំនេះ ធ្វើឡើងដើម្បីអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែងអស់រយៈពេល១៥ឆ្នាំមកនេះ ដោយសមាគមបានរួមចំណែកយ៉ាងធំធេង ដល់កិច្ចការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព​ គោលនយោបាយធុរកិច្ច ការវិនិយោគ និងការជួយជំរុញវឌ្ឍនភាពសហគ្រិន និងសហគ្រាសធុនមីក្រូតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ចកម្ពុជា​។

ជាងមួយទសវត្សរ៍មកនេះ សមាគមបានដើរតួយ៉ាងសំខាន់ ក្នុងភាពជាដៃគូជាមួយស្ថាប័​នដៃគូអភិវឌ្ឍ​ន៍ រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនដោយផ្ទាល់ ក្នុងការអភិវឌ្ឍធុរកិច្ច និងចូមរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការលើកកម្ពស់ធុរកិច្ចកម្ពុជា ឲ្យកាន់តែមានសមត្ថភាព និងអាចប្រកួតប្រជែងក្នុងវិស័យធុរកិច្ចក្នុង តំបន់ និងអន្តរជាតិ។

សមាគមត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា ដែលមានបេសកកម្មធ្វើការក្នុងភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់អំណាចដល់សហគ្រិនវ័យក្មេង លើកកម្ពស់សហគ្រិន និង​យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់កម្ពុជា។

លោកឧកញ៉ា ប៉ិច បូឡែន បានលើកឡើថា បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសមាជិកចំនួនជាង៦០០នាក់ ដែលតំណាងឲ្យក្រុមហ៊ុនចំនួនប្រហែល១,៨០០ក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តព្រះសីហនុ និងកំពុងរៀបចំដាក់ឲ្យដំណើរការសខាខេត្ត កំពត-កែប ក្នុងពេលឆាប់ៗខានមុខនេះ ជាងនេះទៅទៀតសមាគមកំពុងរៀបចំ សាខាសមាគម ក្នុង ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ក្នុងឆ្នាំ២០២៤។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដាក់គោលដៅបើកសាខាសមាគមឲ្យបានគ្រប់រាជធានី-ខេត្ត ត្រឹមដំណាច់ឆ្នាំ២០២៦ ដើម្បីចងក្រងសហគ្រិនវ័យក្មេងទូទាំងប្រទេស ចូលរួមជាប្រតិបត្តិករសេដ្ឋកិច្ចអភិវឌ្ឍន៍សហគ្រិនភាព និងលើកម្ពស់សេដ្ឋកិច្ចជាតិ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា​ ក្នុងអំឡុងពេល ១៥ឆ្នាំកន្លងមកនេះ សមាគមមានការរីកចម្រើន លេចធ្លោខ្លាំងទាំងលើឆាកជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងសកម្មបំផុត ក្នុងភាពជាដៃគូ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៌នានា ហើយសម្រេចបានសមិទ្ធផលជាច្រើន ដូចជាការចូលរួមកសាងគោលនយោបាយគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យម ការបង្កើតមគ្គុទេសន៍វិនិយោគខេត្តមួយចំនួនដូចជា ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប។

បន្ថែមលើនេះ សមាគមបានបង្កើតកម្មវិធីទូរសព្ទដៃ ដើម្បីបង្កើនទំនាក់ទំនងសម្រាប់សមាជិកទូទាំងប្រទេស និងជាមួយសមាជិក នៃសមាគមសហគ្រិនវ័យក្មេងនៅក្នុងបណ្តាប្រទេសអាស៊ាន។ សមាគមក៏បានបង្កើតបាននូវមជ្ឈមណ្ឌលព័ត៌មានអំពីអាជីវកម្ម (Biz Information Center – BIC) ដែលជាវេទិកាអនឡាញមួយសម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបាននូវព័ត៌មាន គោលនយោបាយសំខាន់ៗ ជាពិសេសនីតិវិធីក្នុងការចុះបញ្ជីអាជីវកម្ម និងអនុលោមភាពផ្លូវច្បាប់ ហើយសមាគមបានទទួលនូវការទទួលស្គាល់ និងផ្តល់សិទ្ធជាតំណាងពីក្រសួង និងស្ថាប័នជាច្រើន។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា សមាគមបានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង (YEDC) និងសហការជាមួយស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍនានា រួមមានដូចជា មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សហគ្រិនខ្មែរ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពូជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈអង្គការផេកកម្ពុជា (PACT Cambodia), (USAID) តាមរយៈគម្រោងFEED THE FUTURE-HARVEST III, សហភាពអឺរុប តាមរយៈ Aid et Action EIFតាមរយៈក្រសួងពាណិជ្ជកម, UNDP និងGIZ ជាដើម។

ជាមួយគ្នានេះ សមាគមក៏បានសហការជាមួយនិយ័តករមូលបត្រកម្ពុជា សមាគមធនាគារកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដៃគូវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុជាច្រើនក្នុងការផ្សព្វផ្សាយ និងបណ្តុះបណ្តាលសហគ្រិនពីចំណេះដឹង និងការគ្រប់គ្រងហិរញ្ញវត្ថុ ការបណ្តាក់ទុនរួមគ្នា ការទទួលបានប្រភពទុនពីធនាគា ចំណេះដឹងពីទីផ្សារមូលប័ត្រ និងការត្រៀមអភិវឌ្ឍខ្លួនក្នុងទីផ្សារហ៊ុន៕