(កំពង់ឆ្នាំង)៖ ករណីដែលមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបទីតាំងដាក់ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ដែលដឹកនាំរុករក និងបង្ក្រាបដោយលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។

រហូតរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ តាមបញ្ជារបស់លោកព្រះរាជអាជ្ញា សមត្ថកិច្ចចម្រុះមាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានរឹបអូសម៉ាស៊ីនកិនកម្ទេចឈើចំនួន២គ្រឿង និងគ្រឿងចក្រចំនួន២គ្រឿង ជាវត្ថុតាងនៃបទល្មើសយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីកសាងសំណុំ រឿងតាមនិតិវិធី។

លោក ពារ គឹមហេង នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានរឹបអូសដោះយកម៉ាស៊ីនកិនកម្ទេចឈើចំនួន២គ្រឿង និងឌីណាម៉ូបំពាក់លើម៉ាស៊ីនកិនកម្ទេចឈើ ចំនួន២គ្រឿង ព្រមទាំងគ្រឿងចក្រចាប់លើកដើមឈើចំនួន២គ្រឿង នៅលើទីតាំងដីក្រុមហ៊ុនហ្គ្រីនរីសត ស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ដែលបានធ្វើសកម្មភាពបទល្មើសកិនកម្ទេចឈើដោយគ្មានច្បាប់អនុញ្ញាត វត្ថុតាងធ្វើសកម្មភាពល្មើសទាំងអស់ខាងលើនេះ បានយកទៅរក្សាទុក្ខនៅផ្នែករដ្ឋបាលព្រៃឈើរមាស

នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានអះអាងថា នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ សកម្មភាពកិនក្ទេចដើមឈើរបស់ក្រុមហ៊ុនខាងលើនេះ ត្រូវសមត្ថកិច្ចធ្វើការផាកពិន័យ និងផ្អាកសកម្មភាពម្ដងរួចមកហើយ។ ពេលនោះម្ចាស់ក្រុមហ៊ុន បានអះអាងថា គេកិនកម្ទេចឈើយកទៅធ្វើជី ចំណែកឈើដែលដឹកយកមកកិននោះ គឺកាប់នៅក្នុងដីចម្ការរបស់គេតែប៉ុណ្ណោះ ហើយមន្ត្រីបានណែនាំឲ្យម្ចាស់ក្រុមហ៊ុនសុំច្បាប់អនុញ្ញាតពីក្រសួងកសិកម្មឲ្យបានត្រឹមត្រូវសិន ព្រោះអាជីវកម្មទ្រង់ទ្រាយធំបែបនេះថ្នាក់ខេត្ត ពុំមានសិទ្ធិសម្រេចនោះឡើយ។

ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុននៅតែលួចលាក់ធ្វើសកម្មភាពដោយមិនមានច្បាប់អនុញ្ញាតដដែល ហើយនៅពេលសមត្ថកិច្ចចុះមកពិនិត្យទីតាំងធ្វើសកម្មភាពខាងលើនេះ ជាក់ស្ដែង គីទាំងកម្មករ និងម្ចាស់ក្រុមហ៊ុនបានរត់គេចខ្លួនបាត់អស់ ដោយពុំបាននៅសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនោះឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានបង្ហើបថា តាំងពីក្រុមហ៊ុនមួយនេះដាក់ម៉ាស៊ីនកិនកម្ទេចឈើរួចមក គេពិនិត្យឃើញមានគោយន្តក្នុងស្រុកមួយថ្ងៃៗ ជាច្រើនគ្រឿងបានដឹកកូនឈើតូចធំស្រស់ៗ យកមកឡើងលើជញ្ជីងថ្លឹងលក់ឲ្យក្រុមហ៊ុននេះ ដោយក្រុមហ៊ុនបានអះអាងថា យកមកកិនឲ្យហ្មត់រួចដឹកយកទៅធ្វើជី ដែលករណីនេះជារឿងគ្រោះថ្នាក់បំផុត ចំពោះព្រៃឈើដែលជាធនធានធម្មជាតិ និងត្រូវវិនាសបាត់បង់ថ្ងៃណាមួយមិនខានឡើយ៕