(ភ្នំពេញ)៖ ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤១ បានប្ដេជ្ញាបន្តថែរក្សាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា និងរួមចំណែកកសាងសមិទ្ធផលថ្មីៗជូនបក្សនិងជាតិមាតុភូមិ ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយ សមិទ្ធផល ស្នាដៃរបស់គណបក្សប្រជាជនជូនដល់យុវជន សមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសដែលផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល រៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤១ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅវិមាន៧មករា ក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

នាឱកាសនោះ លោក ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងនូវលទ្ធផលការងារជាច្រើនរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកក្រសួង-ស្ថាប័ន ប្រចាំត្រីមាទី១ ឆ្នាំ២០២៤ ក្នុងនោះយុវជនគណបក្សតាមបណ្ដាក្រសួង-ស្ថាប័នបានធ្វើឱ្យយន្តការពង្រឹង-ពង្រីក កសាង និងរៀបចំការរៀបចំរចនាសម្ពន្ធចាត់តាំងយុវជនគណបក្សតាមបណ្ដាក្រសួង-ស្ថាប័នទាំង៤១ សម្រេចបាន៩៨%។ ជាមួយគ្នានោះ ការគ្រប់គ្រងនិងបញ្ចូលទិន្នន័យយុវជនគណបក្សតាមបណ្ដាក្រសួង-ស្ថាប័នទាំង៤១ សម្រេចបានលទ្ធផលប្រមាណ៩៦%។

លោកបានបន្តថា បណ្ដាក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកក្រសួង-ស្ថាប័ន កំពុងត្រៀមរៀបចំដាក់បញ្ចូលសមាជិកថ្មីបន្ថែមទៀតជាបន្តបន្ទាប់ និងអនុវត្តរាល់សេចក្ដីណែនាំរបស់គណៈកម្មាធិការគណបក្សក្រសួង-ស្ថាប័ន និងយុចជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។

លោក ឃុត ចាន់ដារ៉ា បានបន្តទៀតថា បណ្ដាក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកក្រសួង-ស្ថាប័ន បានបន្តរៀបចំផែនការបញ្ចូលសមាជិកគណបក្សថ្មី និងកៀរគរសមាជិក សមាជិកាគណបក្សក្នុងស្រទាប់មន្ត្រីវ័យក្មេង និងនិស្សិត។ បន្តជំរុញសមាជិកថ្មីឱ្យចូលរួមធ្វើសកម្មភាពជាមួយគណបក្ស ព្រមទាំងបន្តតាមដានសភាពការណ៍ និងចលនាសតិអារម្មណ៍របស់សមាជិក សមាជិកាជាយុវជននៅតាមបណ្ដាគណៈកម្មាធិការគណបក្សមូលដ្ឋាន និងគណៈកម្មាធិការសាខាបក្ស។ ក្រុមការងារក៏បានអនុវត្តលើការងារផ្សព្វផ្សាយជារឿយៗមិនដែលខានឡើយ។

លោកប្រធានផ្នែកបន្តដែរថា ចំពោះសកម្មភាពសង្គម និងការងារមនុស្សធម៌វិញ បណ្ដាក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកក្រសួង-ស្ថាប័ន បានចូលរួមយុទ្ធនាការហែក្បួនក្នុងពិធីបើក និងបិទការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងបន្តចុះបំពេញសកម្មភាពសង្គម និងការងារមនុស្សធម៌ ក្នុងចំណោមសមាជិក សមាជិក ក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋានគណៈពង្រឹងរបស់ខ្លួន។

ក្រៅពីបណ្ដាក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកក្រសួង-ស្ថាប័ន ក៏បានចូលរួមបំពេញការងារបណ្ដាញផ្សព្វផ្សាយសង្គម ការងារអប់រំនយោបាយ និងបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងនយោបាយ ព្រមទាំងចូលរួមការងារផ្នែកហិរញ្ញវត្ថុដើម្បីទ្រទ្រង់ដំណើរការការងារបន្តទៅមុខផងដែរ។

បើតាមលោក ឃុត ចាន់ដារ៉ា ជាទិសដៅរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកក្រសួង-ស្ថាប័ន គឺបន្តដំណើរការការងាររបស់ក្រុមក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកក្រសួង-ស្ថាប័ន ប៉ុន្តែក៏បានស្នើសុំថវិកាទ្រទ្រង់ចំពោះការងារនេះផងដែរ។ ក្រៅពីរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលផ្សេងៗ វគ្គអប់រំនយោបាយ និងវគ្គជំនាញការងារ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ បង្កើនទំនាក់ទំនង និងចែករំលែកបទពិសោធន៍ក្នុងបណ្ដាញសង្គម។

លោកប្រធានបន្ថែមថា ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកក្រសួង-ស្ថាប័ន នៅតែអនុវត្តជាប្រចាំនូវរបបប្រជុំ របបរៀនសូត្រ ការងារចំមូលដ្ឋាន របបត្រួតពិនិត្យវាយតម្លៃ និងបន្តចូលរួមបង់វិភាគទាន ដើម្បីរួមគ្នាអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ពិសេសគឺបន្តថែរក្សាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា និងរួមចំណែកកសាងសមិទ្ធផលថ្មីៗ ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយ សមិទ្ធផល ស្នាដៃរបស់គណបក្សប្រជាជនជូនដល់យុវជន សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។

គូរជម្រាបថា អង្គប្រជុំក៏បានពិនិត្យពិភាក្សាយ៉ាងផុសផុលអំពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គការចាត់តាំងយុវជនគណបក្សក្រសួង-ស្ថាប័ន ចំណុចខ្លាំង បញ្ហាប្រឈម និងសំណូមពរ៕