(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ត្រូវខិតខំប្រឹងប្រែងធ្វើការងារឱ្យបានល្អត្រឹមត្រូវ និងធ្វើឱ្យបានមុនកាលកំណត់ ក្នុងការកាត់ផ្ដាច់ខ្សែចង្វាក់ចម្លងនៃជំងឺគ្រុនចាញ់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង នៅចុងឆ្នាំ២០២៥។

ការថ្លែងយ៉ាងដូច្នេះ របស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ។

លោកសាស្ដ្រាចារ្យក៏បានថ្លែងជំរុញ ដល់ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលខាងលើនេះ ត្រូវបែងចែកការងារដល់ក្រុមការងារ បន្ដចុះពិនិត្យតាមដានការងារ នៅតំបន់ប្រឈមទាំង៧ ក្នុងចំណោមខេត្តទាំង២១ខេត្ដ។ ខេត្ដប្រឈមទាំង៧នោះ រួមមាននៅខេត្ដស្ទឹងត្រែង មណ្ឌលគិរី កំពង់ស្ពឺ ព្រះវិហារ ពោធិ៍សាត់ រតនគិរី និងខេត្ដក្រចេះ។

លើសពីនោះលោកសាស្ដ្រាចារ្យ បានលើកទឹកចិត្ដដល់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ «ត្រូវបង្កើតទំនាក់ទំនងល្អជាមួយក្រុមការងារនៅក្នុងអង្គភាព នៅតាមមូលដ្ឋាន និងប្រជាពលរដ្ឋ ពេលចុះទៅបំពេញកិច្ចការងារដល់ភូមិឋាន នៅតាមបណ្ដាខេត្ដដែលប្រឈមខាងលើនេះ»

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់សាមគ្គីគ្នា ស្រលាញ់គ្នា ជួយគ្នា ហើយរកចំណុចរីកចម្រើន សម្រាប់អង្គភាព ត្រូវរួមរួបគ្នាដើម្បីសម្រេចជោគជ័យលើការងារដែលបានដាក់ចេញ ពិសេសការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង នៅចុងឆ្នាំ២០២៥។

ជាមួយគ្នានោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងគាំទ្រដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៅលើបេសកកម្មដែលមជ្ឈមមណ្ឌលបានធ្វើជោគជ័យកន្លងមក និងឈានទៅរកជោគជ័យខាងមុខ រួមទាំងថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិកនៃមជ្ឈមណ្ឌលខាងលើនេះ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អកន្លងមក៕