(ភ្នំពេញ)៖ លោក Ihor Bezkaravainyi អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសអ៊ុយក្រែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាបាលកម្ពុជា ក្នុងការសម្រេចបានសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ ជាពិសេសការប្រែក្លាយកម្ពុជាពីប្រទេសមានសង្គ្រាម និងជាប្រទេសក្រីក្របាតដៃទទេកាលពីជាង ៤០ឆ្នាំមុន ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប។ ជាពិសេស ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។

ការវាយតម្លៃបែបនេះរបស់លោកអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការចូលរួមពីលោក Oleksandr GAMAN ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ និងមន្ត្រីនៃស្ថានទូតអ៊ុយក្រែនប្រចាំកម្ពុជា។

នាឱកសនោះដែរ លោកបណ្ឌិតសភាចារ្យ បានស្វាគមន៍គណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន ដែលបានឆ្លៀតពេលមកជួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែលលោកអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោកឯកអគ្គរដ្ឋទូត នៃប្រទេសអ៊ុយក្រែន អញ្ជើញមកស្វែងយល់អំពីការងារបោសសម្អាតមីន នៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដែលបានទទួលជួបគណៈប្រតិភូអ៊ុយក្រែន ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំង២។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនគណៈប្រតិភូកនៃសាធារណរដ្ឋអ៊ុយក្រែន អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈបើកចំហ និងអំណោយផល ចំពោះវិនិយោគិន ជាពិសេសវិនិយោគិនបរទេស, ក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានដាក់ចេញដោយ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយកាន់តែផ្តោតខ្លាំងលើការកែទម្រង់អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ។

លោកបណ្ឌិតសភាចារ្យ បានស្នើឱ្យគណៈប្រតិភូនៃសាធារណរដ្ឋអ៊ុយក្រែន ផ្តល់អាទិភាពខ្ពស់លើការសិក្សាអំពីកាលានុវត្តភាពធុរកិច្ច នៅកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ការនាំចេញ និងនាំចូលផលិតផលកសិកម្ម និងការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងយន្តកសិកម្មជាដើម៕