(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ជាមួយមហាគ្រួសារខ្មែរ នាពេលខាងមុខនេះ ក្រុមការងារអនុគណៈកម្មការរៀបចំកម្មវិធី បានប្រជុំពិនិត្យដំណើរការកម្មវិធី និងរួសរាន់បំពាក់គ្រឿងលម្អបែបប្រពៃណីខ្មែរ​នៅក្នុងបរិវេនរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់កម្មវិធីដែលនឹងខិតជិតចូលមកដល់នាពេលឆាប់ៗនេះ។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។

ជាក់ស្តែងរាជបណ្ឌិត្យសភាកម្ពុជា តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជារៀងរាល់ឆ្នាំតាមប្រតិទិនចន្ទគតិ។ ពិតណាស់ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ ក៏បានចូលរួមចំណែករឹតចំណងសាមគ្គីភាព និងភាតរភាពរវាងមន្រ្តីរាជការ និងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។

គួររំលឹកផងដែរថា រាជបណ្ឌិត្យសភាកម្ពុជា ក៏នឹងរៀបចំកម្មវិធីល្បែងប្រជាប្រិយខ្មែរផ្សេងៗ សម្រាប់មន្រ្តីរាជការ និងបុគ្គលិកទាំងអស់លេងកំសាន្តនៅមុខអគារខេមរវិទូផងដែរ ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែសប្បាយ និងគគ្រឹកគគ្រេង តាមបែបប្រពៃណីខ្មែរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤។

ជាងនេះទៅទៀត សម្រាប់កម្មវិធីសង្រ្កាន្តនេះ ក៏មានកម្មវិធីសម្តែងសិល្បៈខ្មែរ ដែលរៀបរៀងឡើងដោយវិទ្យាស្ថានវប្បធម៍និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយនិងការសម្តែងសិល្បៈចិនដែលរៀបចំឡើងដោយគ្រូស្ម័គ្រចិត្តជនជាតិចិន និងសិស្សនិស្សិតភាសាចិននៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

ប្រសិនជាសាធារណជនមានចំណាប់អារម្មណ៍លើការសម្តែងខាងលើ សូមរង់ចាំទស្សនាការសម្តែងផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុកនៃរាជបណ្ឌិត្យសភាកម្ពុជា និងគេហទំព័រមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ៕