(កណ្ដាល)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ បានចេញមកបំភ្លឺ និងច្រានចោលចំពោះការចោទប្រកាន់ថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ចាប់ខ្លួនជនជាតិវៀតណាមម្នាក់ដាក់ពន្ធនាគារ ដោយផ្តើមពីរឿងដឹកឈើទាលស្អុយ១ដើម ស្រង់ពីបាតទន្លេ។

សេចក្ដីបំភ្លឺនោះ បានរៀបរាប់ថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធីពាក់ព័ន្ធករណីទូកអូសឈើគ្មានច្បាប់អនុញ្ញាត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣៖៣០នាទី នៅចំណុចច្រាំងទឹកទន្លេមេគង្គជិត ស្ពានព្រែកតាមាក់ ភូមិកោះរកា ឃុំព្រែកអាញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានជនសង្ស័យជាម្ចាស់ឈើឈ្មោះ ង៉ូ យ៊ាំងលុង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរនេសាទត្រី។

ពេលនោះសមត្ថកិច្ចបានសម្រេចដកហូត ដើមឈើទាលងាប់ ០១ដើម ប្រវែង១៩,៧០ ម៉ែត្រ ទំហំអង្កត់ផ្ចិតចុង០.៩៨៧ម៉ែត្រ ទំហំអង្កត់ផ្ចិតគល់១.៩៧៤ម៉ែត្រ ដែលមានមាឌសរុប៣៣,៨៩០ម៉ែត្រត្រីគុណ ដោយបានធ្វើការស្រង់ចេញពីក្នុងទឹកទន្លេ និងអូសទាញមកលើគោក នៅជាប់ច្រាំងទន្លេមេគង្គ នៅក្បែកន្លែងកើតហេតុ។ បន្ទាប់មក ក្រុមការងារបានប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ថែរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ស្ដីពីរដ្ឋបាលព្រៃឈើ។

ចំពោះការចាប់ឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងខាងលើ គឺជាការអនុវត្តយ៉ាងត្រឹមត្រូវ នៃច្បាប់ព្រៃឈើ។ ក្នុងពេលដែលជំនាញពាក់ព័ន្ធកំពុងតែត្រួតពិនិត្យទៅលើឯកសារពាក់ព័ន្ធរួមជាមួយវត្ថុតាងនោះ ស្រាប់ជនសង្ស័យឈ្មោះ ង៉ូ យ៊ាំងលុង បានកាត់ផ្តាច់វត្ថុតាងមួយចំនួនចេញពីកន្លែងកើតហេតុ ដែលសមត្ថកិច្ចបានឃាត់រក្សាទុកបណ្តោះអាសន្ននោះ។ ខណៈពេលនោះ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានស្រាវជ្រាវអនុវត្តទៅតាមនីតិវិធី ដោយអនុលោមទៅតាមក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីព្រៃឈើ។

រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ តុលាការបានសម្រេចឃុំខ្លួនជនសង្ស័យឈ្មោះ ង៉ូ យ៊ាំងលុង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម ដាក់ពន្ធនាគារដែលជាការអនុវត្តយ៉ាងត្រឹមត្រូវទៅតាមនីតិវិធី៕