(ក្រចេះ)៖ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន ៤៥,៥% ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣%ហើយ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២% ដែលតួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោងការងារខាងលើ។ គម្រោងនេះគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៦ មុនផែនការ។

នេះបើតាមការបញ្ជាក់ឱ្យដឹងថា នាល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នាឱកាសដែលលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានដឹកនាំគណៈប្រតិភូអមដំណើរ មន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តគម្រោង ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដោយមានការចូលរួមផងដែរពី តំណាងរដ្ឋបាលខេត្តក្រចេះ តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។

បើទោះជាយ៉ាងនេះក៏ដោយលោករដ្ឋមន្ត្រី នៅតែសំណូមពរឱ្យក្រុមហ៊ុនសាងសង់ ជំរុញការអនុវត្តការងារទៅតាមប្រតិទិនការងារដែលបានកំណត់ឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលាអំណោយផលដល់ការងារសាងសង់ មុននឹងរដូវវស្សាចូលមកដល់នាពេលខាងមុខ។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនេះ លោករដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន ពិសេសយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសគ្រប់ប្រភេទការងារ ដើម្បីធានាឱ្យបាននូវសមិទ្ធផលសំណង់ ដែលប្រកបដោយគុណភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង៕