(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) របស់ធនាគារជាតិនៃកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវពិព័រណ៍មិនអចិន្ត្រៃយ៍មានចំណងជើងថា “ពណ៌ពីអតីតកាល៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)” នៅថ្ងៃទី២ ខែមេសា ដោយមានលក្ខណៈប្លែក និងចូលទស្សនាដោយឥតគិតថ្លៃ មានរយៈពេល៦ខែ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងភ្ញៀវកិត្តិយសដែលជាការទូត និងភ្ញៀវមកពីវិស័យវប្បធម៌ និងវិស័យអប់រំ។

ការតាំងពិព័រណ៍នេះបង្ហាញពីគំនូរដែលបានគូរនៅលើជញ្ជាំងវត្តនានាទូទាំងប្រទេសកម្ពុជាពីឆ្នាំ១៨៩០ ដល់ឆ្នាំ១៩៧០។ តាមរយៈរូបថតនៃគំនូរទាំងនេះអ្នកទស្សនាអាចស្វែងយល់អំពីខ្លឹមសារសិល្បៈនៃកន្លែងប្រវត្តិសាស្ត្រសំខាន់ៗដែលបញ្ជាក់អំពីសារៈសំខាន់នៃការថែរក្សាសម្បត្តិវប្បធម៌ទាំងនេះ។

គំនូរនៅលើជញ្ជាំងដែលដាក់តាំងនៅក្នុងពិព័រណ៍នេះ គឺជាការលាយបញ្ចូលគ្នារវាងប្រពៃណី និងសាសនា ដែលបានផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពសហសម័យ ដើម្បីបង្ហាញពីទេពកោសល្យរបស់វិចិត្រករមិនស្គាល់ឈ្មោះក្នុងស្រុក ដោយបានបន្សល់ទុកនូវតឹកតាងយ៉ាងរឹងមាំ តាមរយៈស្នាដៃរបស់ពួកគាត់។ គំនូរទាំងនេះក៏ផ្ដល់ការយល់ដឹងយ៉ាងស៊ីជម្រៅអំពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងឥទ្ធិពលនៃការប្រែប្រួលខាងផ្នែកបច្ចេកវិទ្យាវប្បធម៌ នយោបាយ និងសង្គមនៅពេលនោះ។

ផ្តើមចេញពីមុនសម័យសង្រ្គាមក្នុងសវត្សឆ្នាំ១៩៧០ ស្នាដៃដែលបានជ្រើសរើសតំណាងឱ្យផ្នែកតូចមួយនៃការស្រាវជ្រាវយ៉ាងទូលំទូលាយរបស់លោកស្រី Danielle និងលោក Dominique Guéret ចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០១៥។ ពួកគាត់បានខិតខំប្រឹងប្រែងចងក្រងឯកសារអំពីផ្ទាំងគំនូរដ៏សម្បូរបែបដែលបានគូរនៅលើជញ្ជាំងក្នុងវត្តជាង៣០០០ ចាប់តាំងពីចុងសតវត្សទី១៩ ដល់ឆ្នាំ១៩៧៣ ដែលក្នុងនោះវត្តចំនួន២,០០០ ត្រូវបានថតទុកជារូបភាព។

ផ្ទាំងគំនូរទាំងនេះរៀបរាប់អំពីការវិវត្តរបស់សង្គមចាប់ផ្តើមពីការទទួលឥទ្ធិពលពីខាងក្រៅនៅចុងសតវត្សទី១៩ រហូតដល់មានទំនើបភាពក្រោយទទួលឯករាជ្យ និងតួនាទីដ៏សំខាន់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាក្នុងការរួបរួមអធិបតេយ្យភាពជាតិ។ ការតាំងពិព័រណ៍នេះក៏ជាការស្វែងយល់ពីការវិវត្តនៃបច្ចេកទេសសិល្បៈគំនូរលើជញ្ជាំងដែលបានគូរក្នុងវត្តអារាមនៃប្រទេសកម្ពុជា ដោយប្រើពីបច្ចេកទេសបុរា រហូតដល់ការប្រើបច្ចេកទេសទំនើបមានដូចជា ថ្នាំ ប្រេង វីនីល និងអាគ្រីលីក៕