(ភ្នំពេញ)៖ កញ្ញា លក្ខណ៍ មុនីអានីតា Miss Global Cambodia 2023 Top 13 ស្ម័គ្រចិត្តធ្វើជាទូតសុឆន្ទៈអង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) ដើម្បីជួយស្វែងរកជំនួយឧបត្ថម្ភកុមារកំព្រា និងក្រីក្រ ឱ្យទទួលបានការសិក្សាពេញលេញដូចកុមារដ៏ទៃ។

ការប្រកាសកញ្ញា លក្ខណ៍ មុនីអានីតា ជាទូតសុឆន្ទៈអង្គការកុមារកំព្រា PIO បានធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ផ្តល់អំណោយ និងរៀបចំអាហារសម្រាប់អង្គការលើកស្ទួយប្រជាពលរដ្ឋចំនួន១២២០នាក់។

កញ្ញា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មូលហេតុដែលកញ្ញា ស្ម័គ្រចិត្តធ្វើជាទូតសុឆន្ទៈអង្គការកុមារកំព្រា PIO ដោយសារកញ្ញា ចង់ជួយលើកស្ទួយកុមារកំព្រានៅអង្គការនេះ ឱ្យទទួលបានការសិក្សាពេញលេញ។

កញ្ញាបានឱ្យដឹងថា ក្នុងពេលកញ្ញាបានមកទស្សនកិច្ចអង្គការ PIO កាលពីពេលកន្លងទៅ សង្កេតឃើញថាក្មេងៗនៅទីនេះ គួរឱ្យស្រលាញ់ ឆ្លាត ហេតុនេះហើយកញ្ញាចង់ឱ្យពួកគេទទួលបានការសិក្សាពេញលេញ បើទោះបីជាពួកគេជាក្មេងកំព្រាក៏ដោយ។

កញ្ញាបន្តថា ក្នុងនាមជាទូតសុឆន្ទៈ អង្គការកុមារកំព្រា កញ្ញានឹងខឹតខំប្រឹងប្រែងជួយកុមារនៅទីនេះឱ្យអស់ពីសមត្ថភាព តាមរយៈការស្វែងរកជំនួយផ្សេងៗ។

កញ្ញាលើកឡើងបន្តថា «ក្នុងនាមជា Miss global Cambodia ខ្ញុំនឹងព្យាយាមស្វែងរកការឧបត្ថម្ភផ្សេងៗដល់ក្មេងៗកុមារកំព្រា មិនថាថវិកា ឬរបស់ញ៉ាំ គឺខ្ញុំនឹងជួយអំពាវនាវ ឱ្យជួយដល់ក្មេងៗ ជួយអង្គការ ក៏ដូចជាជួយដល់ ការសិក្សារបស់ពួកគាត់ឱ្យបានរលូនដល់ចប់។ ដោយសារពេលនេះអង្គការក៏មានការខ្វះខាត និងមិនសូវមានការឧបត្ថម្ភ»។

ជាមួយគ្នានេះ កញ្ញា បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភឱ្យបានច្រើនដល់អង្គការ POI និងអង្គការកុមារកំពុងផ្សេងទៀត ដើម្បីឱ្យពួកគេទទួលបានឱកាសសិក្សាដូចក្មេងដ៏ទៃ ព្រោះកុមារគឺជាទំពាំងស្នងឬស្សី មិនថាតិចឬច្រើនក្តី។

លោកស្រី នួន ភិមាន ស្ថាបនិក និងជានាយិកាអង្គការលើកស្ទួយប្រជាពលរដ្ឋ បានឱ្យដឹងថា បច្ចុប្បន្ននេះ អង្គការនេះ មានក្មេងស្ថិតនៅក្នុងបន្ទុកចំនួន១២៥០នាក់ ដោយពួកគេគឺក្មេងកំព្រា ក្មេងរើសសម្រាម ក្មេងសុំទាន   និងក្មេងដែលមានជីវភាពក្រីក្រ។

លោកស្រីបន្តថា បច្ចុប្បន្នអង្គការនេះ កំពុងមានការខ្វះខាតថវិកាយ៉ាងច្រើន សម្រាប់បើកឱ្យគ្រូបង្រៀន និងមានការចំណាយច្រើន ដែលក្នុងមួយខែត្រូវចំណាយប្រមាណជាង៤ម៉ឺនដុល្លារ។

លោកស្រីបន្ថែមថា «តាមរយៈវត្តមានរបស់កញ្ញា លក្ខណ៍ មុនីអានីតា ដែល ជា Miss Global Cambodia 2023 នឹងជួយដល់ការស្វែងការឧបត្ថម្ភពីសប្បុរជនដើម្បីជួយដល់ក្មេងនៅទីនេះនេះ»

លោកស្រីលើកឡើងទៀតថា «យើងនឹងតែងតាំងគាត់ជាទូតសុឆន្ទៈ ដើម្បីផ្សព្វផ្សាយ និងជាពិសេសជួយរៃអង្គាសលុយដល់អង្គការ»