(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសដំឡើងឋានៈជូនប្រធានមន្ទីរជំនាញនីមួយ ដែលចំណុះឱ្យរដ្ឋបាលរាជធានី-ខេត្ត ឱ្យស្មើនឹងប្រធាននាយកដ្ឋាន។

មុនការប្រកាសដំឡើងឋានៈនេះ ប្រធានមន្ទីរជំនាញនីមួយ តាមបណ្តារាជធានី-ខេត្ត មានឋានៈស្មើអនុប្រធាននាយកដ្ឋានប៉ុណ្ណោះ។ ការដំឡើងឋានៈនេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បីជាការលើកចិត្ត ខណៈដែលមន្ទីរជំនាញតាមបណ្តារាជធានីខេត្ត មានភារកិច្ចកាន់តែច្រើនជាងមុន។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

សម្តេចបានថ្លែងដូច្នេះថា «តួអង្គគន្លឹះក្នុងការអនុវត្តន៍កិច្ចការឱ្យមានប្រសិទ្ធភាព គឺមន្ទីរជំនាញចំណុះរាជធានី-ខេត្ត ដែលជាសេនាធិការ ការទទួលខុសត្រូវខ្ពស់ ត្រូវការការគាំទ្រកាន់តែច្រើ​ន ទី១ សិទ្ធិ ទី២ ធនធាន។ សិទ្ធិយើងបានប្រគល់ទៅហើយ តាមរយៈវិមជ្ឈការ និងវិសហមជ្ឈការ ដោយធ្វើប្រតិភូកម្មសិទ្ធិទៅឱ្យមូលដ្ឋាន។ ចំណែកធនធានមានមួយផ្នែកធំ ក៏បានទម្លាក់ទៅថ្នាក់មូលដ្ឋានដែរ។ ខ្ញុំគិតថា ដើម្បីជាការលើកទឹកចិត្ត ខ្ញុំបានជជែកជាមួយជំនាញខាងមុខងារសាធារណៈ ដូចអត់មានបញ្ហាទេ បច្ចុប្បន្នប្រធានមន្ទីរមានឋានៈកម្រិតអនុប្រធាននាយកដ្ឋាន ស័ក្តិ៣ ឥឡូវយើងរៀបចំជំរុញឱ្យ​ប្រធានមន្ទីរឡើង ស័ក្តិ៤ ឡើងកម្រិតប្រធាននាយកដ្ឋានតែម្តង»

សម្តេចសង្កត់ធ្ងន់ថា ការដំឡើងឋានៈជូនមន្ទីររាជធានី-ខេត្តនេះ មិនមានអ្វីខុសឆ្គងនោះទេ ហើយការដំឡើងឋានៈនេះ ដើម្បីលើកទឹកចិត្តដល់មន្ត្រី ដែលទទួលការងារកាន់តែច្រើ​ន និងលើកកម្ពស់សិទ្ធិអំណាច និងការទទួលខុសត្រូវ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការដំឡើងនេះក៏មិនមានប៉ះពាល់ដល់ឋានានុក្រម ដឹកនាំបញ្ជាក្នុងរាជធានីខេត្តនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្នើតែងតាំងមន្ត្រីថ្នាក់ក្រោមជាតិ ក៏ដូចជាប្រធានមន្ទីរជំនាញ គឺត្រូវតែស្នើពីក្រោមឡើងមក គឺខេត្តស្នើមកក្រសួងស្ថាប័នជំនាញ។

សម្តេចបានបន្តថា សម្រាប់កម្លាងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមមាន ស្នងការនគរបាលខេត្ត, អាវុធហត្ថខេត្ត និងយោធាខេត្ត ក៏ត្រូវបានផ្តល់ការលើកទឹកចិត្ត ដំឡើងឋានៈដូចគ្នានឹងមន្ទីរដែលជាស្ថាប័នស៉ីវិលផងដែរ៕