(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញនិងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។

ការឱ្យដឹងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ការរៀបចំព្រឹត្តិការនេះ ឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ បានបណ្តុះកូនឈើគ្រប់ប្រភេទ ត្រៀមចែកជូនប្រជាពលរដ្ឋយកទៅដាំ បានចំនួនជាង១លានដើម រួចហើយ ដោយឡែកឯកឧត្តមផ្ទាល់នឹងផ្តល់ជូនកូនត្នោតចំនួន ជាង៣០ម៉ឺនដើមបន្ថែមទៀត សម្រាប់យុទ្ធនាការបៃតងកម្ពុជា ដែលកំណត់យកការដាំកូនឈើយ៉ាងតិច១លានដើម ចាប់ពីឆ្នាំ២០២៤។

សូមបញ្ជាក់ថា ក្នុងឱកាសនេះលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញផងដែរលើការដំាស្តារព្រៃឈើក្នុងតំបន់រេចរិល នៃតំបន់ការពារធម្មជាតិ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្ត ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត ដោយបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ជាអាទិ៍៖ ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាសហគន៍នៅមូលដ្ឋានទាំងអស់ សម្រាប់ការអនុវត្តសកម្មភាពវិស័យបរិស្ថាន យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ពិសេសការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ឱ្យសម្រេចបានជោគជ័យដ៏ឧត្តុង្គឧត្តមជូនរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិយើង៕