(ភ្នំពេញ)៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នាឆ្នាំ២០២៤នេះ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូង ដោយមានការិយាល័យបោះឆ្នោតចំនួន២០៩ការិយាល័យ និងអ្នកបោះឆ្នោត ១១,៦២២នាក់។ នេះបើតាមលោក ហេង ស៊ីឡេង សមាជិក គ.ជ.ប។

មន្ត្រីជាន់ខ្ពស់គ.ជ.ប បានសង្កត់ធ្ងន់ថា បន្ទាប់ពីការពិនិត្យ និងសម្រេចលើបញ្ជីបោះឆ្នោតដំបូងរួចរាល់ហើយ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានថតចម្លងបញ្ជីបោះឆ្នោតដំបូងចំនួន៤ច្បាប់បន្ថែមទៀត ដើម្បីរៀបចំវេចខ្ចប់ និងបញ្ជូនទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីធ្វើការបិទផ្សាយជាសាធារណៈ ក្នុងគោលដៅដើម្បីពិនិត្យ និងកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់។

ការឲ្យដឹងបែបនេះរបស់ លោក ហេង ស៊ីឡេង បានធ្វើឡើងក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការរៀបចំបញ្ជីបោះឆ្នោតដំបូង, ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង, ការប្តឹងតវ៉ា ឬប្ដឹងជំទាស់ និងការដោះស្រាយពាក្យបណ្តឹង លើបញ្ជីបោះឆ្នោតដំបូង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ។

លោក ហេង ស៊ីឡេង បានបន្តថា នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ត្រូវរក្សាទុកច្បាប់ដើមនៃបញ្ជីបោះឆ្នោតដំបូង ដែល គ.ជ.ប បានពិនិត្យសម្រេចរួចហើយ ១ច្បាប់ជាឯកសារនៅ គ.ជ.ប និងត្រូវវេចខ្ចប់តាមការិយាល័យបោះឆ្នោតនីមួយៗ ដោយឡែកពីគ្នានូវបញ្ជីបោះឆ្នោតដំបូងច្បាប់ដើម ១ច្បាប់ និងច្បាប់ថតចម្លង ៤ច្បាប់ រួចបញ្ជូនទៅ គធ.ខប ឱ្យបានទាន់ពេលវេលាមុនការកំណត់ឱ្យបិទផ្សាយ។

លោក ហេង ស៊ីឡេង បានបន្តថា បញ្ជីបោះឆ្នោតដំបូងនេះត្រូវបានបិទផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ១ច្បាប់ និងបិទផ្សាយនៅកន្លែងផ្សេងគ្នាក្នុងទីប្រជុំជនរាជធានី ខេត្ត ក្នុងកន្លែងនីមួយៗ ១ច្បាប់ ចំនួន ៣កន្លែង។

ជាមួយគ្នានេះដែរ ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់អ្នកបោះឆ្នោត គ.ជ.ប ក៏បានបង្ហោះបញ្ជីបោះឆ្នោតដំបូងនេះ នៅលើគេហទំព័រ voterlist.nec.gov.kh និង Mobile App (NECKH)។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់​ មានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបាន ដោយបង់ថ្លៃគិតត្រឹមតម្លៃផលិត។ ម្យ៉ាងទៀតក៏អាចទទួលបាននូវទិន្នន័យនៃបញ្ជីបោះឆ្នោតតាមទម្រង់ PDF ដែលមានបង្ហោះតាមគេហទំព័រ voterlist.nec.gov.kh និង Mobile App (NECKH)ផងដែរ៕