(ពោធិ៍សាត់)៖ ស្ពានយោលតាដេស មួយកន្លែង ស្ថិតក្នុងភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលត្រូវទឹកជំនន់ហូរដាច់ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ បង្កឱ្យរាំងស្ទះដល់ការធ្វើចរាចរណ៍ទៅមក របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចឱ្យសាងសង់ឡើងវិញជាបណ្តោះអាសន្ន និងឈានទៅសាងសង់ ជាស្ពានដែកបាឡេ នាពេលខាងមុខ។

ក្នុងឱកាសចុះពិនិត្យការដ្ឋាន សាងសង់ស្ពានយោលតាដេសឡើងវិញ, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ដោយបានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសសុខសុវត្ថិភាព របស់កូនចៅសិស្សានុសិស្ស ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានណែនាំដល់ក្រសួងសាម៉ី ធ្វើការពិនិត្យ និងសាងសង់ស្ពានយោលនេះឡើងវិញ ឱ្យបានឆាប់រហ័ស បើអាចសាងសង់ ជាស្ពានដែកបាឡេតែម្តង។

លោកអភិបាលខេត្តបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងធ្វើការសាងសង់ស្ពានយោលនេះឡើងវិញ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្នសិន ហើយឆាប់ៗខាងមុខនឹងបន្តបុកគ្រឹះស្ថាបនាស្ពានដែកបាឡេ ព្រោះត្រូវការពេលវេលាស្ថាបនាយូរ។

លោក សន សារឿន មេភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ បានគោរពថ្លែងអំណរគុណ គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅតំបន់នេះ ដោយបានរៀបចំសាងសង់ស្ពានយោលនេះឡើងវិញ និងបន្តរៀបចំសាងសង់ស្ពានដែកបាឡេ នៅបន្តបន្ទាប់ទៀត។

គួរជម្រាបជូនថា ថ្មីៗនេះមានបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយវីដេអូបរិយាយ ដោយមានខ្លឹមសារ (មហាកុដិតម្លៃជិត២លានដុល្លារ ក៏ខ្មែរអាចចូលរួមក៏សាងបាន តែបើស្ពានមួយតម្លៃ ១០០០ដុល្លារ សម្រាប់សិស្សឆ្លងទៅសាលា រៃអង្គាសជិត១០ឆ្នាំហើយ រៃអត់បាន...)។

ជាមួយគ្នានោះ រដ្ឋបាលស្រុកភ្នំក្រវាញ ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបានបញ្ជាក់ថា នៅមុនខែកញ្ញា ឆ្នាំ២០២៣ នៅភូមិតាដេស មានស្ពានយោលមួយប្រវែង១៣៥ម៉ែត្រ ដែលកសាងក្រោមការជួយឧបត្ថម្ភ ពីសំណាក់អាជ្ញាធរ ដៃគូរអភិវឌ្ឍន៍ និងសប្បុរសជន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់ស្ទឹងពោធិ៍សាត់ (ស្ទឹងធំ)។ លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ បានកើនឡើងជាគំហុក ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាត ក្នុងនោះក៏បណ្តាលឱ្យស្ពានយោលតាដេស ដួលរលំខូចខាតទាំងស្រុង បង្កឱ្យរាំងស្ទះដល់ការធ្វើចរាចរណ៍ទៅមក របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

ក្រោយទទួលបានហេតុការណ៍នេះភ្លាម អភិបាលខេត្តពោធិ៍សាត់ រួមជាមួយក្រុមការងារ និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ទូកស្មាច់ កាណូត អាវពោង និងថវិកាមួយចំនួន ផ្តល់ជូនថ្នាក់ដឹកនាំភូមិ និងលោកគ្រូអ្នកគ្រូ ដើម្បីដោះស្រាយចម្លងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សបណ្តោះអាសន្ន។ ករណីដាច់ស្ពានតាដេស បើគិតមកដល់ពេលនេះ មានរយៈពេលជាង៦ខែ មិនដូចការផ្សាយព័ត៌មាន ដែលលើកឡើងថារៃអង្គាសជិត១០ឆ្នាំហើយ រៃអត់បាននោះទេ។

ចំពោះប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរមកទីរួមស្រុក នៅតែអាចធ្វើដំណើរបានដោយឆ្លងកាត់ទំនប់ដំណាក់សុក្រម ស្ថិតក្នុងភូមិព្រែក២ ឬឆ្លងកាត់ស្ពានអូរព្រាល ក្នុងភូមិអូរព្រាល ឃុំសំរោងបានជាធម្មតា។ បន្ថែមពីនោះ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ នៅតែបន្តជួយដោះស្រាយការលំបាក ក៏ដូចជាស្នើសុំទៅសម្តេចប្រមុខ ដើម្បីទទួលបាននូវសមិទ្ធផលជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស៕