(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់។

លោកបានសង្កត់ធ្ងន់ថា ក្រុមការជំនាញត្រូវបន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លីនៅជុំវិញបឹងទន្លេសាបឲ្យបានរួចរាល់ ប្រកបដោយប្រសិទ្ធភាព និងសុក្រិតភាព ជាមួយនឹងការធ្វើការកែសម្រួល ដោយកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលតាំងទីលំនៅពិតប្រាកដ និងរស់នៅរយៈពេលយូរមកហើយ។ ប៉ុន្តែការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទាំងនោះ មិនទាន់ចប់នៅឡើយទេ ដែលទាមទារបន្តសកម្មភាពក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះបន្តទៀត។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល បានធ្វើការជំរុញយ៉ាងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនចូលរួមផងដែរ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល បានបន្តថា ការចុះបញ្ជីដីធ្លីមិនមែនអង្គភាពសុរិយោដីធ្វើតែឯងនោះទេ គឺត្រូវចូលរួមធ្វើទាំងអស់គ្នា ដូច្នេះសូមមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ ឧបនាយករដ្ឋមន្ត្រី បន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់។

ឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា កន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារដែលត្រូវធ្វើបន្ត ត្រូវបែងចែកជាពីរ គឺការងារចំពោះមុខ និងការងាររយៈពេលវែង។ ការងារចំពោះមុខ ត្រូវបញ្ចប់ការងារនេះដោយប្រសិទ្ធភាព និងសុក្រិតភាព តាមរយៈការចុះបញ្ជីដីឲ្យបានត្រឹមត្រូវ ហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង។ សម្រាប់ជំហានទីពីរ គឺធ្វើឡើងក្រោយពេលដែលចុះបញ្ជីរួចរាល់ គឺអាជ្ញាធរបឹងទន្លេសាប ត្រូវរៀបចំផែនទី និងបោះបង្គោលឡើងវិញ ហើយដាក់បញ្ចូលក្នុងប្រព័ន្ធ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី ដោយសាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឲ្យកាន់តែរឹងមាំ និងរក្សាមរតកដ៏មានតម្លៃនានា ដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឲ្យ ដើម្បីចូលរួមគាំទ្រសម្រេចឲ្យបាននូវបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយព្រមទាំងណែនាំដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល បានសង្កត់ធ្ងន់ថា ដើម្បីជម្រុញការចុះបញ្ជីដីតាមគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្ត ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការត្រូវខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី និងឯកភាពផ្ទៃក្នុងទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ៕