(ភ្នំពេញ)៖ បច្ចុប្បន្នបើពោលអំពីស្ថានការណ៍ជម្លោះដ៏ក្ដៅគគុកនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល រហូតឈានដល់ការបាញ់សងសឹកទៅលើប្រទេសគ្នាទៅវិញទៅមក ពិសេសថ្មីៗនេះនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីអ៉ីស្រាអែល បានបាញ់សងសឹកដោយយន្ដហោះដ្រូន ទៅលើទីក្រុង Isfahan ដែលស្ថិតនៅភាគកណ្ដាលនៃប្រទេសអ៊ីរ៉ង់ ហើយត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ បាញ់ទម្លាក់យន្ដហោះដ្រូនចំនួន ៣គ្រឿងរបស់អ៊ីស្រាអែល ដោយមិនមានការខូចខាត ឬបង្កឲ្យមានជនរងគ្រោះណាម្នាក់ឡើយ ហើយត្រូវអ៊ី​រ៉ង់ ចេញមកបញ្ជាក់ច្បាស់ៗថា គឺប្រទេសរបស់ខ្លួន បានទទួលជោគជ័យក្នុងការបាញ់ទម្លាក់យន្ដហោះដ្រូនរបស់អ៊ីស្រាអែល ដែលមកវាយប្រហារមកលើអ៊ីរ៉ង់ ។

ទន្ទឹមនឹងនេះបើងាកមកមើលប្រទេសអ៊ីរ៉ង់វិញ ក្នុងការសងសឹកទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានទម្លាក់គ្រាប់បែកពីយន្ដហោះទៅលើអាគារស្ថានទូតអ៊ីរ៉ង់ ដែលស្ថិតនៅក្នុងរដ្ឋធានី Damascus នៃប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដែលបានសម្លាប់មន្រ្ដីអ៊ីរ៉ង់៧នាក់។ ហើយនៅយប់ថ្ងៃទី១៣ មេសា ឆ្នាំ២០២៤ អ៊ីរ៉ង់ បានបាញ់យន្តហោះដ្រូន និងមីស៊ីលប្រមាណជាង៣០០ គ្រាប់ទៅលើអ៊ីស្រាអែល ហើយត្រូវបានអ៊ីស្រាអែល និងសម្ព័ន្ធមិត្តមានអាមេរិក អង់គ្លេស និងបារាំង បាញ់ទម្លាក់បាន៩៩% បន្ទាប់មកអ៊ីស្រាអែលបានចេញមកប្រកាសច្បាស់ៗថា ប្រទេសរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានវាយប្រហារមកលើអ៊ីស្រាអែលបានទទួលជោគជ័យ ។

ស្ថិតក្នុងស្ថានភាពនៃជម្លោះកំពុងតានតឹងនេះ មានសំនួរ បានចោទទ្បើងថា តើការវាយប្រហារសងសឹកគ្នារវាងអ៊ី​រ៉ង់និងអ៊ីស្រាអែល អាចផ្ទុះសង្រ្គាមឬទេ ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា បើពោលអំពីស្ថានភាពជម្លោះរវាងអ៊ី​រ៉ង់និងអ៊ីស្រាអែល ដែលកំពុងបង្កការភ័យខ្លាចអាចឈានទៅរកសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ ពិសេសបន្ទាប់​ពី​ការ​វាយ​ប្រហារ​សងសឹកគ្នាទៅវិញទៅមក ដូចសំនួរចោទសួរខាងលើនេះ ដែលពុំបណ្ដាលឲ្យមានការខូតខាតដល់ភាគីជម្លោះទាំងសងខាង ហើយភាគីនីមួយៗ បានចេញមកប្រកាសអំពីជោគជ័យរៀងៗខ្លួននោះ គឺស្ថានការណ៍ជម្លោះរវាងអ៊ី​រ៉ង់និងអ៊ីស្រាអែល គឺពុំអាចផ្ទុះសង្រ្គាមទេ។ បើពោលឲ្យចំ ចំពោះការបាញ់សងសឹកដាក់គ្នាទៅវិញទៅមកនេះ គឺគ្រាន់តែជាសមីការនិមិត្ដរូប ដើម្បីការពារទស្សនជាតិនិយមរបស់ប្រទេសនីមួយៗតែប៉ុណ្ណោះ។

បើពោលអំពីទង្វើរបស់អ៊ីស្រាអែល វាយប្រហារទៅលើអ៊ីរ៉ង់ ជាសមីការនិមិត្ដរូប ព្រោះអ៊ីស្រាអែល ចង់បង្វែរការយកចិត្ដទុកដាក់របស់សហគមន៍អន្ដរជាតិ ប្រឆាំងនឹងតំបន់ហ្គាហ្សា ប៉ាទ្បេស្ទីន ដោយហេតុថាចាប់ពីមានសង្រ្គាមនៅតំបន់ហ្គាហ្សានេះមក អ៊ីស្រាអែល បានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ដប្រព័ន្ធ AI ក្នុងគោលដៅទាញរូបភាព អាគារ​ និងលំនៅឋានដើម្បីបម្រើដល់វិស័យសង្រ្គាម បង្កឲ្យស្ត្រី និងកុមារស្លាប់នៅតំបន់ហ្គាហ្សារាប់ម៉ឺននាក់ ។

ស្ថិតក្នុងទិដ្ឋភាពនេះ បើយើង​រំឭក​អំពីអ៊ីស្រាអែល កាលពី​សង្គ្រាម​ឈូង​សមុទ្រ ក្នុងការចាប់​ផ្តើមវាយលុកលុយ​របស់​អ៊ីរ៉ាក់​ទៅលើ​ប្រទេស​គុយវ៉ែត នៅឆ្នាំ១៩៩១ ប្រធានាធិបតីអ៊ីរ៉ាក់ Saddam Hussein បានបង្ករឿងដល់អ៊ីស្រាអែល ដោយការបាញ់កាំជ្រួចចំនួន៣៩ គ្រាប់ទៅលើអ៊ីស្រាអែល ដែលជាការវាយប្រហារដោយផ្ទាល់ដែលធ្វើឡើងដោយរដ្ឋមួយ។ ប៉ុន្តែ​អ៊ីស្រាអែល​ មិន​បាន​ឆ្លើយ​តប​នឹង​ការ​បង្កហេតុនេះទេ ព្រោះហេតុផល​គឺ​ដោយសារ​អ៊ីស្រាអែល​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​អាមេរិក​ដែល​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ជាតិសាសន៍​យ៉ាង​មាន​ប្រសិទ្ធិភាព​ដើម្បី​រំដោះ​ប្រទេស​គុយវ៉ែត។ ស្ថិតក្នុងទង្វើរបស់អ៊ីស្រាអែល​ មិនសងសឹកនេះ ត្រូវ​បាន​គេ​សរសើរ​ចំពោះ​ការ​មិន​ព្រម​សងសឹក​របស់អ៊ីរ៉ាក់ សូម្បី​តែមានពលរដ្ឋ​ខ្លួន​រង​គ្រោះ​ក៏​ដោយ។

លោក រ័ត្ន សណ្ដាប់ បន្ដថាបើងាកមកមើលអ៊ីរ៉ង់វិញ ជារឿយៗ អ៊ីស្រាអែលតែងបង្កើនយុទ្ធនាការធ្វើឃាដប្រឆាំងនឹងឥស្សរជនសន្តិសុខកំពូលរបស់អ៊ីរ៉ង់ ជាច្រើនឆ្នាំ ពិសេសថ្មីៗនេះ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកពីយន្តហោះ បានសម្លាប់មន្រ្ដី និងឧត្តមសេនីយអ៊ីរ៉ង់ជាន់ខ្ពស់ពីរនាក់នៅក្នុងស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ដែលជាទង្វើដ៏ក្លាហានមួយ ដែលជាទូទៅគេចាត់ទុកស្ថានទូត ជាដែនអធិបតេយ្យមួយនៅក្រៅប្រទេស ។ ជាទូទៅរាល់ទង្វើរបស់ អ៊ីស្រាអែល​វាយ​ប្រហារ​មកលើ អ៊ីរ៉ង់​ ក្នុង​វិធី​ដ៏​ឃោរឃៅ​យ៉ាងណាក្ដី តិច​ឬ​ច្រើន​បាន​រួច​ខ្លួនពីការថ្កោលទោសពីមហាអំណាចលោកខាងលិច ។

មូលហេតុនេះហើយ បានជាមេដឹកនាំកំពូលអ៊ីរ៉ង់ បានចាត់ទុកការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ថាជា "ការដាក់ទណ្ឌកម្ម" ទៅនឹងទង្វើរបស់អ៊ីស្រាអែល។ ប៉ុន្ដែបើយើងពិនិត្យមើលអំពីយុទ្ធសាស្ត្ររបស់ទីក្រុងតេអេរ៉ង់វិញ គឺគ្រាន់តែជាសមីការនិមិត្ដរូបតែប៉ុណ្ណោះ ព្រោះមុនការវាយប្រហារទៅលើអ៊ីស្រាអែល ប្រទេសអ៊ីរ៉ង់ បានបញ្ជូនសញ្ញាទៅឲ្យសហរដ្ឋអាមេរិក ជាបងធំរបស់អ៊ីស្រាអែល បានដឹងផងដែរ។ ម្យ៉ាងទៀតចំពោះយន្តហោះដ្រូនដែលអ៊ីរ៉ង់ជ្រើសរើសបាញ់បង្ហោះនេះទៀត មានចលនាយឺត ដោយចំណាយពេលរាប់ម៉ោងដើម្បីទៅដល់ដែនអាកាសអ៊ីស្រាអែល និងឆ្លងកាត់ប្រទេសជិតខាង ពិសេសហ្ស៊កដានីដែលបានបាញ់ទម្លាក់យន្ដហោះដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ។

បើឈរលើហេតុផលនេះមានមូលដ្ឋានចំនួនពីរដើម្បីគណនាអំពីចេតនារបស់អ៊ីរ៉ង់ ទាក់ទងនឹងការសងសឹកនេះគឺ៖

* សេណារីយ៉ូ​ទីមួយ៖ វាអាចទៅរួច ដែលអ៊ីរ៉ង់គណនាខុសដើម្បីព្យាយាម​ធ្វើឲ្យខូចខាត​ពិតប្រាកដ​ដល់​អ៊ីស្រាអែល ដោយគ្រាន់តែ​មិន​ពេញចិត្ត​ចំចំពោះទង្វើរបស់​ខ្មាំង​សត្រូវ ពិសេសការប្រើប្រាស់មីស៊ីលផ្លោង និងការតម្រង់គោលដៅទៅលើមូលដ្ឋានយោធានៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។

*សេណារីយ៉ូទីពីរ៖ វា​ក៏​អាច​ទៅ​រួច​ដែរ អ៊ីរ៉ង់​មិន​មាន​ចេតនាធ្វើឲ្យខូចខាត​ធ្ងន់ដល់​អ៊ីស្រាអែលនោះទេ ដោយទីក្រុងតេអេរ៉ង់ គ្រាន់តែមានគោលបំណងបង្កើតសងសឹកជាសមីមការនិមិត្តរូប ប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារមកលើស្ថានទូតរបស់ខ្លួន។

ជាក់ស្ដែងមានគំរូសម្រាប់រឿងនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្លាប់ Qassem Soleimani មេដឹកនាំនៃកងកម្លាំងឆ្មាំបដិវត្តន៍វរជនអ៊ីរ៉ង់ នៅឆ្នាំ២០២០ ការសងសឹកយោធារបស់អ៊ីរ៉ង់ត្រូវបានកំណត់ចំពោះការបាញ់កាំជ្រួចនៅលើមូលដ្ឋានទ័ពអាកាសអាមេរិក ដែលជាការឆ្លើយតបប្រកបដោយជោគជ័យមិនបង្ខំសហរដ្ឋអាមេរិកឲ្យសងសឹកបន្ថែមទៀត។ ចំពោះចេតនាស្រដៀងគ្នា របស់អ៊ីរ៉ង់នេះ គ្រាន់តែឲ្យសាធារណៈមតិក្នុងស្រុក និងអន្ដរជាតិ មើលឃើញនូវគណនីផ្លូវការរបស់រដ្ឋាភិបាលជាសារបង្ហោះថា "បញ្ហាត្រូវបានបញ្ចប់" សូម្បីតែមុនពេលយន្ដហោះដ្រូនដំបូងបានទៅដល់ដែនអាកាសអ៊ីស្រាអែលក៏ដោយនោះ គឺ "ការវាយប្រហារនេះជាការវាយប្រហារក្លែងក្លាយ" ដូចដែលវាទទួលបាននៅក្នុងទំនាក់ទំនងអន្តរជាតិ។ ហេតុនេះប្រសិនបើភាគីជម្លោះនីមួយៗ មិនមានបំណងធ្វើឲ្យខូចខាតធ្ងន់នោះទេ នោះការវាយប្រហាររបស់ភាគីជម្លោះទាំងពីរមិនមែនជាការបរាជ័យនោះទេ ហើយរាល់ការភ្នាល់ទាំងអស់នឹងបិទ ព្រោះភាគីនីមួយៗ មិនហ៊ានប្រថុយប្រថានក្នុងភ្លើងសង្រ្គាមឡើយ។

ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ដូច្នេះចំពោះយុទ្ធសាស្រ្ដរបស់អ៊ីរ៉ង់ ដែលបាញ់សងសឹកទៅលើប្រទេសអ៊ីស្រាអែល បានបង្ហាញឲ្យឃើញថា អ៊ីរ៉ង់បាន "សម្រេចចិត្តបង្កើតសមីការថ្មីមួយ" ជាមួយអ៊ីស្រាអែល។ ប្រសិនបើមានការវាយប្រហារណាមួយរបស់អ៊ីស្រាអែល ប្រឆាំងនឹងបុគ្គលិកអ៊ីរ៉ង់គ្រប់ទីកន្លែង នឹងត្រូវជួបជាមួយនឹងការវាយប្រហារដោយផ្ទាល់ពីរអ៊ីរ៉ង់មកលើអ៊ីស្រាអែលតែម្ដង។ ព្រោះកន្លងមក អ៊ីស្រាអែល​បាន​គ្រប់គ្រង​ការវាយប្រហារ​លើ​ផលប្រយោជន៍​របស់ អ៊ីរ៉ង់​នៅ​កន្លែង​ផ្សេងៗ ដោយ​គ្មាន​ការ​សងសឹក​ ធ្វើឲ្យមានហានិភ័យ​ខ្ពស់​នៃ​ការ​កើនឡើង​ដល់​សង្រ្គាម​ក្រៅ​ឆាក ៕