(ភ្នំពេញ)៖ ប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប លោក​ ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ការចូលរួមក្នុងការសង្កេតការណ៍ការបោះឆ្នោតនៅប្រទេសម៉ាល់ឌីវ ធ្វើឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីដកយកបទពិសោធន៍ដែលអាចរៀនសូត្រ ផ្លាស់ប្ដូរគ្នាទៅវិញទៅមក សម្រាប់ចែករំលែកអ្វីដែលល្អ ថ្មី សម្រាប់ក្របខណ្ឌ គ.ជ.ប កម្ពុជា។

ការបញ្ជាក់បែបនេះ របស់លោក ឌឹម សុវណ្ណារុំ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានជាមួយអ្នកសារព័ត៌មាន មុនពេលចេញដំណើរទៅចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅប្រទេសម៉ាល់ឌីវ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អីចឹងការទៅមកគឺជារឿងធម្មតា តែធ្វើឡើងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយអ្វីដែលយើងទៅនេះ ចំណុចសំខាន់យើងពិនិត្យមើលការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងមានតម្លាភាពតើគេរៀបចំរបៀបម៉េច ការិយាល័យគេរៀបចំរបៀបមិច គេបើកការិយាល័យពីម៉ោងណាដល់ម៉ោងណា នៅក្នុងការិយាល័នីមួយៗគេធ្វើរបៀបម៉េច អញ្ចឹងទាំងអស់នេះវាជាមេរៀន និងបទពិសោធន៍ ដែលយើងអាចរៀនសូត្រពីគ្នាទៅវិញទៅមក អាចផ្លាសប្ដូរទៅវិញទៅមក ចំណុចណាខ្លះយើងអាចយកមកចែករំលែកក្នុងក្របខណ្ឌ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ហើយគេក៏អញ្ចឹងដែរ»

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបន្តថា នៅក្នុងសតវត្សរ៍នេះ មិនអាចធ្វើការគ្មានដៃគូនោះទេ ពិភពលោកបើកទូលាយ គ្មានជញ្ជាំងនោះទេ ដូច្នេះការរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីស្ថាបនាគ្នា គឺជារឿងមួយដ៏ល្អ។

លោក ឌឹម សុវណ្ណារុំ ក៏បានរំលឹកថា កាលពីឆ្នាំ២០១៨ គ.ជ.ប នៃប្រទេសម៉ាល់ឌីវ បានបញ្ជូនសមាសភាពគណៈប្រតិភូចំនួន៣រូប មកកាន់កម្ពុជា សង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ខណៈពេលនេះប្រទេសម៉ាល់ឌីវ កំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គ.ជ.ប ប្រទេសម៉ាល់ឌីវ បានអញ្ជើញ គ.ជ.ប កម្ពុជាចូលរួមសង្កេតការណ៍នៅប្រទេសរបស់ខ្លួនវិញម្ដង៕