(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាសាស្រ្តាចារ្យខេមរវិទ្យា និងប្រវត្តិសាស្រ្ត ដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៥៖៤០នាទីព្រឹក នៅគេហដ្ឋាននៃសព។

នាឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោក ហ៊ុន ម៉ានី និងសហការី បានចូលរួមចែករំលែកនូវមរណទុក្ខ ដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយ លោកស្រី បុត្រា បុត្រី និងចៅៗ ព្រមទាំងបងប្អូន កូនក្មួយ និងក្រុមគ្រួសារទាំងអស់នៃសព ដោយក្តីក្ដុកក្ដួលជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

មរណភាពរបស់ លោកសាស្ត្រាចារ្យ គឺជាការបាត់បង់នូវ ស្វាមី បិតា ដែលប្រកប ដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ ក៏ជាការបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជាទាំងមូល។ បើទោះបីជា លោកសាស្ត្រាចារ្យបានឃ្លាតកាយឆ្ងាយហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប៕