(ស្វាយរៀង)៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ នៅរដ្ឋបាលខេត្តស្វាយរៀង។

លោក ម៉ែន កល្យាណ អភិបាលរងខេត្ត បានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសក្រោមការចង្អុលបង្ហាញផ្ទាល់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

លោកបន្ថែមថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តស្វាយរៀង មានលក្ខណៈល្អប្រសើរ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ បានធ្វើការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាមមូលដ្ឋាន ក្នុងភូមិសាស្រ្តខេត្តបានទាំងស្រុង និងជាពិសេសជាងនេះទៅទៀត រដ្ឋបាលខេត្ត បានអនុវត្តតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តវិធានការធ្វើការតេស្តរកសារធាតុញៀនខុសច្បាប់ ចំពោះមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។

ទន្ទឹមនោះ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិខ្មែរ ប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា ជាពិសេសប្រជាពលរដ្ឋទទួលបាននូវភាពសប្បាយរីករាយ ទៅតាមការរៀបចំសង្ក្រាន្តនីមួយៗនៅក្នុងមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ លោក ប៊ុន ហ៊ុន បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាក្រសួងឆ្អឹងខ្នងដ៍សំខាន់មួយដែលមានតួនាទីជាសេនាធិការ ជូនរាជរដ្ឋាភិបាល ក្នុងការដឹងនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់លើវិស័យនយោបាយរដ្ឋបាល និងការដឹកនាំគ្រប់គ្រងនគរបាលជាតិ លើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមក្នុងកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរាដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតទៅលើវិស័យជាអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បើបន្តកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្អស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្អស់។

លោកបានអះអាងថា ដើម្បីធានាដល់ការបំពេញតួនាទី ជាសេនាធិការជូនរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមគំនិតផ្តួចផ្តើម និងអនុសាសន៍របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានរៀបចំផែនការយុទ្ធសាស្រ្ត ស្តីពី «ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម»។

សូមជម្រាបថា ផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដែលត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ ដោយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺជាមគ្គទេសក៍សម្រាប់តម្រង់ទិសដល់ការរៀបចំ និងអនុវត្តសកម្មភាពអាទិភាពនានារបស់ក្រសួងស្ថាប័ន និងតួនាទីអង្គភាពពាក់ព័ន្ធ៕