(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​យុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ​គោល​​នយោបាយបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

ការវាយតម្លៃនេះធ្វើឡើងតាមរយៈលោកស្រីបណ្ឌិត អាមីដា សាលសុី​យ៉ាអាលីស​ចា​បាណា អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការ​ប្រតិ​បត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាសុី-ប៉ាសុីហ្វិក (ESCAP)។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋាបាល។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនេះ រាជរដ្ឋាភិបាលបានកំណត់មុំការងារសំខាន់ចំនួន៥ទៀត រួមមាន៖ ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ក្នុងជំនួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិនាព្រឹកថ្ងៃចន្ទ ទី២២ ខែ​មេសា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធសាស្រ្តប​ញ្ច​កោណ-ដំណាក់​កាលទី១ បានផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជា​សមាស​ធាតុ​​ដ៏​សំខាន់​នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបាន​ចក្ខុវិស័យ​នៃ​ការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលខ្ពស់​នៅឆ្នាំ​២០៥០​។

សូមបញ្ជាក់ថា នៅក្នុងជំនួបព្រឹកមិញនេះ លោកស្រីបណ្ឌិត អាមីដា បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកចូលរួម និងថ្លែងសុន្ទរកថា​គន្លឹះ​ក្នុងសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ច​សហ​​ប្រតិបត្តិការ និងការគាំទ្ររបស់គណ:កម្មការ ESCAP ដែលបានរួមចំណែក​យ៉ាង​សំខាន់ក្នុង​ដំណើរ​ការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​របស់កម្ពុជានាពេល​កន្លង​មក ដោយ​គណ:​កម្មការ ESCAP គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា​បានផ្តល់​ជំនួយ​បច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញលើវិស័យនានា រួមមាន ដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច, និរន្តរភាពបរិស្ថាន, ការជំរុញបរិយាប័ន្នសង្គម និងអភិបាល​កិច្ច ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណ:កម្មការ ESCAP ដែលបាន​ជួយគាំទ្រការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលគោល​នយោបាយនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ESCAP ក្នុងការ​ចូលរួមក្នុង​សកម្ម​ភាពពាក់ព័ន្ធនឹងមីន។ សម្តេចធិបតី បានបង្ហាញការប្ដេជា្ញចិត្តរបស់កម្ពុជា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និងគណ:កម្មការ ESCAP បន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានគោល​ដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកសាងអនាគតដ៏ល្អប្រសើរមួយ​សម្រាប់ទាំង​អស់គ្នា៕