(បាងកក,​ ថៃ)​៖ ​នៅថ្ងៃទី​២២​ ខែ​មេសា​ ឆ្នាំ​២០២៤​ តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានដឹកនាំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រី ស្តីពី «ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក» នៃ​សន្និបាត​ប្រចាំ​ឆ្នាំលើក​ទី៨០​ នៃ​គណ:កម្មការ​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​សម្រាប់​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ នៃ​អង្គការសហប្រជាជាតិ​ (UNESCAP)។

កិច្ចប្រជុំនេះ​ បានផ្តោតជាពិសេសលើសក្តានុពលនៃនវានុវត្តន៍ឌីជីថលក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះក៏មានការចូលរួមថ្លែងការណ៍របស់រដ្ឋសមាជិកនានា អំពីយុទ្ធសាស្ត្រក្នុងការជំរុញ និងគាំទ្រការអភិវឌ្ឍ និងការពង្រីកនវានុវត្តន៍ឌីជីថល ផងដែរ​។

កិច្ចប្រជុំ​ បានផ្តល់នូវក្របខណ្ឌដែលអាចផ្សារភ្ជាប់គ្នារវាងនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​ ដេីម្បី​កំណត់បាននូវសកម្មភាពអាទិភាពក្នុងការជំរុញ និងប្រើប្រាស់នវានុវត្តន៍ឌីជីថល។ ជាមួយ​គ្នានេះ​ កិច្ចប្រជុំ​ ក៏បានផ្តល់អនុសាសន៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីធានាថានវានុវត្តន៍ឌីជីថលអាចចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕