(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍ នៃសាធារណរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រីបណ្ឌិត Devyani Uttam Khobragrade ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ លោក ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើកឡើងថា ពិធីចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការជំរុញទំនាក់ទំនងជាដៃគូ នៃប្រទេសទាំងពីរ ក្នុងការចូលរួមចំណែកការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៅកម្ពុជា លើសពីការផ្លាស់ប្តូរចំណេះដឹង អនុស្សរណៈនេះផ្តោតលើការរៀនសូត្រទៅវិញទៅមក ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងមុខងារស៊ីវិល ដែលរួមចំណែកដល់ការកែលម្អអភិបាលកិច្ច ការផ្តល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយក្នុងប្រទេសទាំងពីរ។

អនុស្សរណៈនៃការយោគយល់គ្នានេះសង្កត់ធ្ងន់លើការអនុវត្តជាក់ស្តែង និងធ្វើជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសេវាកម្មស៊ីវិល។

លោកបានបន្តថា ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសារធារណៈ សម្រេចបាននូវសមិទ្ធផលនានាជាច្រើន រួមទាំងការរៀបចំរចនាសម្ព័ន្ធអង្គភាពឡើងវិញ ដើម្បីឲ្យស្របតាមការងារអាទិភាព និងគោលនយោបាយ កែលម្អការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈឯកសារច្បាប់ ការដំឡើងប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ និងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងការដាក់បញ្ចូលជនពិការ គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការតាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលា ការបង្កើតប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងមន្ត្រីរាជការ និងការអនុវត្តវិធានការសំខាន់ៗ។

សូមជម្រាបថា ក្រសួងមុខងារសាធារណៈ បានចាប់ផ្ដើមសហការការងារជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏ដូចជាភាគីនៃសាធារណរដ្ឋឥណ្ឌា ចាប់តាំងពីឆ្នាំ២០១៥មក ក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់វិស័យមុខងារសាធារណៈ នៃប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង៕